អ្នកនេសាទហ្វីលីពីន ៣នាក់ ស្លាប់ ក្រោយទូករបស់ពួកគេ បុកជាមួយកប៉ាល់បរទេស នៅសមុទ្រ ចិនខាងត្បូង


 (ម៉ានីល)៖ យោងតាមការចេញផ្សាយដោយសារព័ត៌មាន South China Morning Post បាន អោយដឹងថា ឆ្មាំសមុទ្រហ្វីលីពីន នៅថ្ងៃពុធ ទី៤ ខែតុលានេះ បានឱ្យដឹងថាអ្នកនេសាទហ្វីលីពីន ៣នាក់បានស្លាប់ បន្ទាប់ពីទូករបស់ពួកគេបានបុក ជាមួយកប៉ាល់ដឹកទំនិញមួយ ដែលចតនៅស្ងៀម ខណៈកំពុងឆ្លងកាត់សមុទ្រចិនខាងត្បូង។ ក្នុងសេចក្ដីថ្លែងការណ៍មួយ ឆ្មាំសមុទ្រហ្វីលីពីនបាន បញ្ជាក់ទៀតថាគ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅពេលដែល ទូកអ្នកនេសាទហ្វីលីពីនមួយគ្រឿង ធ្វើដំណើរឆ្លងកាត់ដែនទឹកស្ថិតនៅចម្ងាយ ១៥៧គីឡូម៉ែត្រ ពីពាយព្យនៃតំបន់ថ្មប៉ប្រះទឹកមានវិវាទ Scarborough Shoal។ ចំណែក មនុស្ស ៧នាក់នៅលើ ទូកនេសាទនេះបានរួចរស់នៅមានជីវិត បន្ទាប់ពីទូករបស់ពួកគេបានលិច។

ក៏ប៉ុន្តែ ខាងឆ្មាំសមុទ្រហ្វីលីពីន មិនបានបញ្ជាក់ថាតើកប៉ាល់ពាណិជ្ជកម្មបរទេស នោះជាកម្មសិទ្ធិ របស់ប្រទេសណាមួយនោះទេ ហើយក៏មិនបាន លម្អិតពីហេតុការណ៍ដែលបានកើតឡើងនោះដែរ។

គួរបញ្ជាក់ថា តំបន់ថ្មប៉ប្រះទឹក Scarborough Shoal ក្នុងតំបន់សមុទ្រចិនខាងត្បូង គឺជាតំបន់វិវាទ មួយដ៏គគុករវាងចិន និងហ្វីលីពីន។ ចិនបាន គ្រប់គ្រងតំបន់ថ្មប៉ប្រះទឹកនេះក្នុងឆ្នាំ២០១២៕