សម្តេចតេជោ ហ៊ុន សែន ប្រាប់នាយករដ្ឋមន្រ្តីថៃថា ប្រទេសជាប់ភូមិផងរបងជាមួយគ្នា ត្រូវមានកិច្ច សហការល្អលើគ្រប់វិស័យ

 (ភ្នំពេញ)៖ ក្នុងនាមអ្នកនយោបាយជើងចាស់ដ៏ជំនាញ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានប្រាប់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃថា ប្រទេសជាប់ភូមិ ផងរបងជាមួយគ្នា ត្រូវមានកិច្ចសហការល្អលើគ្រប់វិស័យ។

ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងពេលដែល សម្តេចអនុញ្ញាតឱ្យ នាយករដ្ឋមន្រ្តីថ្មីរបស់ថៃ លោក សេដ្ឋា ថាវីស៊ីន ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ នាល្ងាចនៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ អំឡុងពេលលោកបំពេញទស្សនកិច្ចផ្លូវ ការក្រៅប្រទេសលើកដំបូង មកកាន់ប្រទេសកម្ពុជា។

នៅក្នុងជំនួបនេះ សម្តេចតេជោ បានចែករំលែកបទពិសោធន៍ ដោយរំលឹកឡើងវិញពីការខិតខំរបស់ សម្តេច និងឥស្សរជនកម្ពុជា ក្នុងការបញ្ចប់សង្រ្គាម នាំមកនូវការឯកភាពទឹកដីជាលើកដំបូងក្នុង ប្រវត្តិសាស្រ្ត ៥០០ឆ្នាំកន្លងមក។ សម្តេចតេជោបន្តថា ចាប់តាំពីឆ្នាំ១៩៩៨ ក្រោយបញ្ចប់សង្គ្រាម សម្តេចបានបង្ហាញនូវគោលដៅ២ គឺទី១. ប្រែក្លាយតំបន់សមរភូមិឲ្យទៅជាតំបន់អភិវឌ្ឍន៍ និង ទី២. ប្រែក្លាយព្រំដែនប្រកបដោយការភ័យខ្លាច សង្គ្រាម ឲ្យទៅជាតំបន់មានសន្តិភាព និងកិច្ចសហប្រតិ បត្តិការ និងការអភិវឌ្ឍ។

សម្តេចតេជោបន្តថា ក្នុងរយៈពេល២៥ឆ្នាំចុងក្រោយនេះ សម្ដេចប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី បានធ្វើការយ៉ាងខ្លាំងក្នុងការធ្វើទំនាក់ទំនងល្អជាមួយបណ្ដាប្រទេស ជិតខាង បង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាខេត្តជាប់គ្នា រវាងកងកម្លាំងប្រដាប់អាវុធទាំងសង ខាង មានទំនាក់ទំនងពាណិជ្ជកម្មឆ្លងព្រំដែន រវាងប្រទេសទាំងពីរ ក៏ដូចជាជាមួយបណ្ដាប្រទេសឡាវ និងវៀតណាមផងដែរ។

សម្តេចបានមានប្រសាសន៍បន្ថែមថាប្រទេសជាប់ភូមិផងរបងជាមួយគ្នាត្រូវមានកិច្ចសហការល្អលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម ការឆ្លងកាត់ ទៅវិញទៅមករបស់ប្រជាជន ក៏ដូចជាការធ្វើ សមយុទ្ធក្នុងការជួយសង្គ្រោះគ្នា ក្នុងគ្រោះមហន្តរាយធម្មជាតិ មានភ្លើងឆេះព្រៃ មានទឹកជំនន់ និង ការជួយគ្នាទៅវិញទៅវិញទៅមក ជាពិសេសចំពោះប្រជាជននៅតាមបណ្ដាព្រំដែនសម្រួលការឆ្លង កាត់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ការចេញចូលដើម្បី ធ្វើពាណិជ្ជកម្ម ក៏ដូចជាការទៅ ព្យាបាលជំងឺជាដើម។ល។

ជាកិច្ចឆ្លើយតប លោកនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះ សម្តេចតេជោ និងថាលោក បានរៀនសូត្រយ៉ាងច្រើនពីសម្តេច និងបានថ្លែងនូវការកោតសរសើរជូនចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលមានសមត្ថភាព មានកម្លាំងរឹងមាំ មានវ័យក្មេង ហើយសង្ឃឹមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំខ្ពង់ខ្ពស់ថែមទៀត៕