(ចិន)៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តី នៃកម្ពុជា ឯកឧត្តម បណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជា ប្រធាន គណៈកម្មាធិការជាតិអេស្កាប់ បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងវេទិកាចិន (ឆុងឈីង)-អាស៊ាន ស្តីពីការអភិវឌ្ឍគុណភាព និងកិច្ចសហប្រតិបត្តិការអប់រំវិជ្ជាជីវៈ ដែលរៀបចំ ដោយរដ្ឋា ភិបាលប្រជាជនក្រុងឆុងឈីង និងគណៈកម្មាធិការអប់រំក្រុងឆុងឈីង។
ក្នុងសុន្ទរកថាថ្លែងនោះ ទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ទីក្រុងឆុងឈីង នៃសាធារណរដ្ឋប្រជាមានិត គឺជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនិងបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំវិជ្ជាជីវៈជាមួយប្រទេសកម្ពុជា។
ជាមួយគ្នានោះ ឯកឧត្តម ទេសរដ្ឋមន្រ្តី បានលើកឡើង និងវាយតម្លៃខ្ពស់ថា ការរៀបចំវេទិកាចិន-អាស៊ាននេះ បានបង្ហាញអំពីកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅ និងមានវិសាលភាពទូលំទូលាយ ជាងមុនរវាងប្រទេសចិន និងអាស៊ានក្នុងវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលនឹងអាច ឈានដល់ការលើកកម្ពស់ថ្មី ក្នុងការផ្លាស់ប្តូរពាណិជ្ជកម្ម វប្បធម៌ និងកិច្ចសហប្រតិបត្តិការរវាង អាស៊ាន និងទីក្រុងឆុងឈីង។
ឯកឧត្តម បណ្ឌិត បានបន្តទៀតថា ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ ចិន និងអាស៊ាន បានរួមដៃគ្នា និងរួមចំណែកដល់ភាពជោគជ័យរបស់គ្នាទៅវិញទៅមក។ ឥឡូវនេះ អាស៊ានគឺជាដៃគូពាណិជ្ជ កម្មដ៏ធំបំផុតរបស់ប្រទេសចិន ហើយការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ ក្នុងការអប់រំវិជ្ជាជីវៈ បានក្លាយជាក្បាលម៉ាស៊ីនដ៏រឹងមាំ សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងចិន និងអាស៊ាន និងការជំរុញវឌ្ឍនភាពសេដ្ឋកិច្ចសង្គមនៅក្នុងតំបន់។
តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការក្នុងការអប់រំវិជ្ជាជីវៈរវាងចិននិងអាស៊ាន ដែលរួមទាំងកម្ពុជា ផងដែរ ប្រទេសទាំងពីរកាន់តែមានភាពស្អិតរមួត និងមានសាមគ្គីភាព ហើយការវិវត្តន៍ផ្នែកបច្ចេក វិទ្យា និងប្រព័ន្ធអប់រំរបស់ចិន គឺជាគំរូដ៏ល្អប្រសើរមួយសម្រាប់ប្រទេសទូទាំងសាកលលោក។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានថ្លែងទៀតថា ក្នុងនាមជាសមាជិកដ៏សំខាន់មួយរបស់អាស៊ាន កម្ពុជា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង សម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងកិច្ច សហប្រតិបត្តិការចិន-អាស៊ាន ក្នុងវិស័យអប់រំវិជ្ជាជីវៈ ដោយធ្វើការដាក់ចេញនូវគម្រោងកិច្ចសហ ប្រតិបត្តិការបណ្តុះបណ្តាលនិងអប់រំវិជ្ជាជីវៈបន្ថែមទៀត។ ទីក្រុងឆុងឈីង គឺជាដៃគូសេដ្ឋកិច្ចគ្រប់ ជ្រុងជ្រោយ និងបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំវិជ្ជាជីវៈជាមួយប្រទេសកម្ពុជា ព្រម ទាំងបានក្លាយចំណុចចាប់ផ្តើមនៃច្រកពាណិជ្ជកម្មផ្លូវទឹកនិងផ្លូវគោកអន្តរជាតិថ្មីមួយ ហើយថ្មីៗ នេះ អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ទីក្រុងឆុងឈីង ផងដែរ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមទៀតថា ចាប់តាំងពីឆ្នាំ ២០១៩ មក ដោយមានការគាំទ្រពី កម្មវិធីផ្លូវសូត្រនៃរដ្ឋបាលក្រុងឆុងឈីងសម្រាប់និស្សិតអន្តរជាតិ គណៈកម្មាធិការជាតិអេស្កាប់(NC-ESCAP)នៃប្រទេសកម្ពុជា បានសហការជាមួយ Chongqing Creation Vocational College រៀបចំការបណ្តុះបណ្តាលបានបីដំណាក់កាលជាប់ៗគ្នា ដែលផ្តល់អត្ថប្រយោជន៍ដល់បុគ្គលិកកម្រិត មធ្យម និងជាន់ខ្ពស់ជិត ១០០ នាក់ពីកម្ពុជា ហើយកម្ពុជាមានឆន្ទៈសហការជាមួយភាគីផ្សេងៗទៀត ដើម្បីចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្តូរវិស័យអប់រំវិជ្ជាជីវៈក្នុងតំបន់៕