(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី ម៉ារីយ៉ាម ស្ហឺរមែន (Mariam Sherman) នាយកធនាគារពិភពលោកប្រចាំប្រទេសមីយ៉ានម៉ា កម្ពុជា និងសាធារណរដ្ឋប្រជាមា និតប្រជាធិបតេយ្យឡាវ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងកិច្ចពិភាក្សាប្រកបដោយភាពស្និទ្ធស្នាលនោះ ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនា គារពិភពលោកដែលបានជួយគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសក្នុងការលើកកម្ពស់សមត្ថភាពជំនាញពលកម្មកម្ពុជាតាំងពីដើមកន្លងមក។ ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងនឹងបន្តធ្វើការយ៉ាងជិតស្និទ្ធបំផុតជាមួយក្រុមការងារបច្ចេកទេសរបស់ធនាគារពិភពលោក ដើម្បីបញ្ចប់គម្រោង «ជំនាញកម្ពុជាដើម្បីការងារប្រសើរ» (Cambodia Skills for Better Jobs) ឱ្យទាន់ពេលវេលាកំណត់ដើម្បីជាត្រីវិស័យយ៉ាងសំខាន់សម្រាប់ពង្រឹងគុណភាពជំនាញ ដែលឆ្លើយ តបនឹងតម្រូវការទីផ្សារការងារ និងការផ្តល់ព័ត៌មាន រួមទាំងការតម្រង់ទិសវិជ្ជាជីវៈដើម្បីការងារ ប្រសើរ។ គម្រោង «ជំនាញកម្ពុជាដើម្បីការងារប្រសើរ» គឺជាគម្រោងគន្លឹះដែលនឹងមានជានិយាម ជាក់លាក់សម្រាប់កម្មវិធីបណ្តុះបណ្តាលយុវជន១.៥លាននាក់មកពីគ្រួសារក្រ១ ក្រ២ និងគ្រួសារ ងាយរងគ្រោះដែលជាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ក្នុងគោលបំណងជួយដល់ប្រជាពលរដ្ឋមកពីក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះដើម្បីអាចទទួលបានជំនាញ ជាក់លាក់យ៉ាងឆាប់រហ័សហើយងាយទទួលបានឱកាសការងារក្នុងទីផ្សារកម្ពុជាដែលកំពុងតម្រូវការជំនាញបច្ចេកទេសដើម្បីបំពេញតម្រូវការសកម្មភាពសេដ្ឋកិច្ច។
ក្នុងនោះលោកស្រី ម៉ារីយ៉ាម ស្ហឺរមែន(Mariam Sherman) នាយកធនាគារពិភពលោកប្រចាំ ប្រទេសមីយ៉ាន់ម៉ា កម្ពុជា និងឡាវ បានអះអាងថា ធនាគារពិភពលោក បានត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹងគុណភាពជំនាញដល់យុវជនកម្ពុជាដែលឆ្លើយតបនឹងតម្រូវការទីផ្សារការងារប្រកបដោយប្រសិទ្ធភាព៕