(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យប្រធានគណៈកម្មការ ផ្សាររដ្ឋទាំង២៥ នៅរាជធានីភ្នំពេញ យកចិត្តទុកដាក់លើការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ និង បរិស្ថាននៅជុំវិញ និងក្នុងផ្សារ ហើយអ្វីដែលសំខាន់មួយទៀតនោះ គណៈកម្មការផ្សារ ត្រូវមានភាព ស្និតស្នាល រ៉ាក់ទាក់ជាមួយបងប្អូនអាជីវករក្នុង និងក្រៅប្រព័ន្ធ។
ការណែនាំបែបនេះរបស់ ឯកឧត្តម ឃួង ស្រេង បានធ្វើឡើង ក្នុងកិច្ចប្រជុំពង្រឹងការងារគ្រប់គ្រង ផ្សារក្នុងរាជធានីភ្នំពេញ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងប្រធានគណៈកម្មការផ្សាររដ្ឋទាំង២៥ នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ការបង្កើតឲ្យមានកិច្ចប្រជុំនេះឡើង ក្នុងគោលបំណងជំរុញ ឲ្យមានការគ្រប់គ្រង់ផ្សាររដ្ឋទាំង២៥ ឲ្យបានកាន់តែមានភាពល្អប្រសើរឡើង ទាំងការថែរក្សា សន្តិសុខ សណ្ដាប់ធ្នាប់និងបរិស្ថានជុំវិញនិងនៅក្នុងផ្សារ សំដៅធ្វើយ៉ាងណាទទួលបានការគោរព និងស្រលាញ់ពីប្រជាពលរដ្ឋនិងអាជីវករ។
ឯកឧត្តម បន្តថា ប្រធានគណៈកម្មការផ្សារ ត្រូវមើលឲ្យគ្រប់ជ្រុងជ្រោយ នៅក្នុងផ្សារដែលខ្លួនគ្រប់ គ្រងទាំងជីវភាពរស់នៅរបស់បងប្អូនអាជីវករ ជាមួយនឹងការធ្វើស្ថិតិឲ្យបានច្បាស់លាស់ចំពោះ អាជីវករ ដែលមានជីវភាពក្រីក្រ និងមធ្យម ដើម្បីងាយស្រួលថែទាំពួកគាត់។ បន្ថែមពីនេះ ត្រូវ ណែនាំបងប្អូនប្រជាពលរដ្ឋនិងអាជីវករ ថែរក្សាអនាម័យ បរិស្ថាននៅក្នុងផ្សារ ជាប្រចាំ។
ឯកឧត្តម ឃួង ស្រង ក៏បានជំរុញការពិនិត្យឲ្យហ្មត់ចត់ជុំវិញការមិនយកលុយពីបងប្អូនអាជីវករ លក់តាមកញ្ច្រែងល្អី ជាមួយនឹងការរកទីតាំងឲ្យពួកគាត់បានលក់ដូរ និងការបញ្ចុះតម្លៃទឹក ភ្លើង នៅតាមទីផ្សារទៅតាមកំណត់របស់រាជរដ្ឋាភិបាល។ ការងារនេះ ទាំងអាជ្ញាធរ ទាំងគណៈកម្មការ ផ្សារ ត្រូវពិនិត្យឲ្យបានម៉ត់ចត់។ ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ អាជ្ញាធរខណ្ឌទាំង១៤ និងគណៈកម្មការផ្សាររដ្ឋទាំង២៥ ត្រូវធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ និងអាជីវករគោរពស្រលាញ់ ឲ្យបានយូរអង្វែង៕