រដ្ឋមន្ដ្រី ឈាង រ៉ា ថ្លែងកោតសរសើរ និងអរគុណ ដល់អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំ និងមន្ដ្រី សុខាភិបាលរាជធានី-ខេត្ដ ក្នុងការឆ្លើយតបយ៉ាងសកម្មចំពោះការចម្លងជំងឺគ្រុនឈាម


(ភ្នំពេញ)៖ ឯកឧត្តម សាស្ដ្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានចេញលិខិតកោត សរសើរ និងថ្លែងអំណរគុណ ដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ប្រធានការិយាល័យ សុខាភិបាលស្រុកប្រតិបត្តិ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ចំពោះការចាត់ វិធានការទប់ស្កាត់ការរាតត្បាតជំងឺគ្រុនឈាម នៅមូលដ្ឋានរាជធានី-ខេត្ត។

តាមលិខិតដែលទទួលបាននៅថ្ងៃទី២៧​ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា​ ការចេញលិខិត ខាងលើនេះ ដោយក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រុមការងារឆ្លើយតបបន្ទាន់ នៃក្រសួង សុខាភិបាល សហការជាមួយមន្ដ្រីសុខាភិបាលគ្រប់លំដាប់នៅតាមមូលដ្ឋានរាជធានី-ខេត្ដ បានចាត់ វិធានការទប់ស្កាត់ និងឆ្លើយតបយ៉ាងសកម្មចំពោះការចម្លងជំងឺគ្រុនឈាម បន្ទាប់ពីឯកឧត្តម ររដ្ឋមន្ដ្រីចេញលិខិតអំពាវនាវពីការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីកើនឡើងនៅជំងឺគ្រុនឈាម សម្រាប់ឆ្នាំ២០២៣នេះ ដោយជំងឺគ្រុនឈាមនេះ មានវដ្ដនៃការកើនឡើងខ្ពស់ខុសប្រក្រតីនៅ រៀងរាល់ ៥ ទៅ ៦ឆ្នាំម្ដង។

ឯកឧត្តម រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងថា «ក្នុងនាមក្រសួងសុខាភិបាល ខ្ញុំសូមសម្ដែង ការកោតសរសើរដោយស្មោះ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះឯកឧត្ដម លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ដរាជធានី-ខេត្ដ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ដ លោកប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្ដិ មន្ដ្រីបុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមូលដ្ឋាន ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានសហការគ្នាយ៉ាងជិតសិ្នទ និង ចូលរួមយ៉ាងសកម្មបំផុត ក្នុងការឆ្លើយតប និងទប់ស្កាត់ទាន់ពេលវេលានូវការរីករាលដាលនៃ ជំងឺគ្រុនឈាម»។

ទន្ទឹមនឹងនោះ ឯកឧត្តម រដ្ឋមន្ដ្រីក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំ មន្ដ្រីកសុខា ភិបាលគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្រជាពលរដ្ឋ ត្រូវបន្ដពង្រឹងការអនុវត្ដវិធានការ សុខាភិបាលនានា ក្នុងការទប់ស្កាត់ឱ្យបាននូវការឆ្លងរាលដាលជំងឺគ្រុនឈាមឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងលើក កម្ពស់ការយល់ដឹង អំពីវិធានការបង្ការជំងឺឆ្លងនានា តាមរយៈបង្កើនការអប់រំផ្សព្វផ្សាយឱ្យកាន់តែ ទូលំទូលាយ ទៅដល់បុគ្គល គ្រួសារ សហគមន៍ និងសង្គមជាតិទាំងមូល៕