(ភ្នំពេញ)៖ ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានណែនាំឱ្យបញ្ចប់ភាព ផ្តាច់មុខ លើការផ្គត់ផ្គង់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងអាងប្រព្រឹត្តកម្មនៅតាមរោងចក្រ សហគ្រាស ។ ការណែនាំបែបនេះរបស់ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅក្នុងពិធី ជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។
ពាក់ព័ន្ធបញ្ហាប្រឈម ដែលរោងចក្រសហគ្រាមួយចំនួន បានយកក្រណាត់មកដុត ដើម្បីបំពុះទឹក ដើម្បីអ៊ុតខោអាវ ធ្វើឱ្យមានការបំពុលបរិស្ថាន ឯកឧត្តម រដ្ឋមន្រ្តី បានណែនាំឱ្យបណ្តារោងចក្រ ទាំងនោះ ប្រើប្រាស់សូឡាជំនួស ដើម្បីផ្តល់ថាមពលសម្រាប់អ៊ុតខោអាវ អាចចំណេញជាងការប្រើ ប្រាស់ក្រណាត់ ឬអូសដុត ចំណេញត្រង់ថាយើងអាចកាត់បន្ថយការបំពុលបរិស្ថាន និងចូលរួមរក្សា គម្របព្រៃឈើ ដែលក្រសួងបរិស្ថានកំពុងតែធ្វើការដាំដុះសម្រេចឱ្យបាន៦០% នាពេលខាងមុខ។
សូមរម្លឹកថា ពីធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅអគ្គនាយកដ្ឋានគាំពារ បរិស្ថាន គឺដើម្បីពង្រឹងការងារជាក្រុម ជាមួយការស្តាប់នូវរបាយការណ៍ស្តីពីការផ្គត់ផ្គង់ឧបករណ៍ តាមដានដោយស្វ័យប្រវត្ត និងការផ្កត់ផ្គង់ផលិតកម្ម អាងប្រព្រឹត្តកម្មតាមរោងចក្រសហគ្រាស ស្របតាមចក្ខុវិស័យជាតិ ដើម្បីរុញនាវាបរិស្ថានកម្ពុជាឱ្យសម្រេចបានសុក្រឹតកម្មបរិស្ថានកិច្ច៕