(ម៉ានីល)៖ ឆ្មាំសមុទ្រហ្វីលីពីន នៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា បានអះអាងថាខ្លួនបានដក «របាំងបណ្ដែតទឹក» ចេញដោយជោគជ័យ នៅឯ តំបន់ជម្លោះថ្មប៉ប្រះទឹកមួយក្នុងតំបន់សមុទ្រចិនខាងត្បូង ដែលទីក្រុងម៉ានីលចោទថាត្រូវបានដំឡើងដោយចិន ដើម្បីរារាំងប្រជាជន ហ្វីលីពីនពីការចូលទៅនេសាទ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការប្រកាសខាងលើរបស់ឆ្មាំសមុទ្រហ្វីលីពីន ធ្វើឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយត្រូវបានចេញផ្សាយតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពី ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក អេក្វាដូ អាណូ (Eduardo Ano) បានសន្យាថានឹងចាត់វិធានការសមស្រប ដើម្បីដក របាំងបណ្ដែតទឹកដែលត្រូវបានដំឡើងនៅតំបន់ថ្មប៉ប្រះទឹក Scarborough ដោយឆ្មាំសមុទ្រចិននេះចេញ៕