(ប៉េកាំង)៖ ក្រុមមន្ត្រីនៅក្នុងប្រទេសចិន បានឱ្យដឹងថាមនុស្សយ៉ាងហោច ១៦នាក់ បានស្លាប់នៅក្នុងអគ្គិភ័យឆាបឆេះអណ្ដូងរ៉ែធ្យូងថ្មមួយ ស្ថិតនៅក្នុង ខេត្តជីចូវ (Guizhou) នៃភាគនិរតីប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។
តាមការឱ្យដឹងពីក្រុមមន្ត្រីនៅក្នុងទីក្រុង ប៉ាន់ចូ (Panzhou) នៃខេត្តជីចូវ អគ្គិភ័យបានឆាបឆេះនៅឯអណ្ដូងរ៉ែធ្យូងថ្មសានជាវស៊ូ (Shanjiaoshu Coal Mine) នៅម៉ោងប្រហែល ៨៖១០នាទីព្រឹក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ។ ប៉ុន្តែ ភ្លាមៗមិនទាន់មានការបញ្ជាក់ពីមូលហេតុ ដែលបណ្ដាលឱ្យមានអគ្គិភ័យនេះ ឬទំហំនៃការខូចខាតនៅឡើយទេ ខណៈក្រុមអ្នកពន្លត់អគ្គិភ័យបានពន្លត់អណ្ដាតភ្លើង និងធ្វើឱ្យសីតុណ្ហភាពត្រឡប់ ទៅរកភាពប្រក្រតីឡើងវិញ។
គួរបញ្ជាក់ថា គ្រោះថ្នាក់នៅឯអណ្ដូងរ៉ែ តែងតែកើតឡើងជាញឹកញយនៅក្នុងប្រទេសចិន។ តួយ៉ាងកាលពីឆ្នាំ២០២២ មានមនុស្ស ២៤៥នាក់ បានស្លាប់ នៅក្នុងគ្រោះថ្នាក់ ១៦៨ករណីផ្សេងៗគ្នា នៅឯអណ្ដូងរ៉ែ។ ចំណែក កាលពីខែសីហា ឆ្នាំ២០២៣នេះ ហេតុការណ៍ផ្ទុះមួយនៅឯអណ្ដូងរ៉ែធ្យូងថ្ម នៅក្នុង ខេត្ត សានស៊ី (Shaanxi) បានសម្លាប់មនុស្ស ១១នាក់៕