(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២២ ខែ កញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថារថក្រោះ ប្រយុទ្ធ M1 Abrams ដំបូងនឹងត្រូវប្រគល់ទៅដល់ដៃ អ៊ុយក្រែន នៅសប្ដាហ៍ក្រោយដើម្បីជួយ ពង្រឹងសមត្ថភាពកងកម្លាំងអ៊ុយក្រែនដែលកំពុងតស៊ូវាយបណ្ដេញកងទ័ពរុស្ស៉ីចេញពីទឹកដី របស់ ខ្លួន ក្នុងល្បឿនសន្សឹមៗនៃប្រតិបត្តិការវាយបក។
ការកត់សម្គាល់ខាងលើរបស់លោក បៃដិន ធ្វើឡើងនៅក្នុងជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅឯ សេតវិមាន កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ា ស៊ីនតោន)។ លោក បៃដិន បានសង្កត់ធ្ងន់ដូច្នេះថា «នៅសប្ដាហ៍ក្រោយ រថក្រោះអាមេរិក Abrams ដំបូង នឹងត្រូវបញ្ជូនទៅដល់អ៊ុយក្រែន»។ បន្ថែមពីលើនេះ លោកប្រធានាធិបតីអាមេរិកក៏បាន ប្រកាសដែរ ពីការផ្ដល់ជំនួយយោធាបន្ថែមសម្រាប់អ៊ុយក្រែន ដែលខាងមន្ទីរបញ្ចកោណបញ្ជាក់ថា មានទំហំទឹកប្រាក់ ៣២៥លានដុល្លារ។
តាមការឱ្យដឹងពីមន្ទីរបញ្ចកោណ កញ្ចប់ជំនួយយោធាថ្មីនេះ ក្នុងនោះរួមមានបញ្ចូលប្រព័ន្ធមីស៊ីល ការពារដែនអាកាស គ្រាប់រំសេវសម្រាប់ ប្រព័ន្ធមីស៊ីល HIMARS អាវុធប្រឆាំងរថក្រោះ និងគា្រប់ កាំភ្លើងធំ។ ប៉ុន្តែ គួរឱ្យកត់សម្គាល់ នៅក្នុងកញ្ចប់ជំនួយយោធានេះគេមិនបាន ឃើញមានប្រព័ន្ធ មីស៊ីលរយៈចម្ងាយឆ្ងាយ ATACMS ដែលទីក្រុងកៀវ ទទូចសុំម្ដងហើយម្ដងទៀតជាយូរមក ហើយនោះទេ៕