(ភ្នំពេញ)៖ ថ្លែងនៅក្នុងជំនួបជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នារសៀលថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា ក្រសួងមហាផ្ទៃ ត្រៀមខ្លួនជានិច្ចក្នុងការជំរុញនិងលើកកម្ពស់ ទំនាក់ទំនងរាល់កិច្ចការពាក់ព័ន្ធទាំងអស់ រវាងក្រសួងមហាផ្ទៃ និងលេខាធិការអាស៊ាន។
ទន្ទឹមនេះឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានស្នើដល់អគ្គលេខាធិការអាស៊ាន បន្តជួយគាំទ្ររាល់គំនិត ផ្ដួចផ្ដើមផ្សេងៗ ជាពិសេសក្នុងសមត្ថកិច្ចក្រសួងមហាផ្ទៃ ដើម្បីអនុវត្តគម្រោងនានាឱ្យដំណើរការ ទៅបានជាឧត្ដមប្រយោជន៍រួមរបស់សហគមន៍អាស៊ានទាំងមូល ជាពិសេសលើការងារសន្តិសុខ។
ឯកឧត្តម អភិសន្តិបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងដ៏ល្អ និងកិច្ចសហការដ៏ជិតស្និទ្ធ រវាងលេខាធិការដ្ឋានអាស៊ាន ក្នុងការជួយគាំទ្រការអនុវត្តកិច្ចការពាក់ព័ន្ធមួយចំនួន ដែលក្រសួង មហាផ្ទៃបានធ្វើកន្លងទៅ។ ក្នុងនោះរួមមានការរៀបចំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) និងកិច្ច ប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែន (AMMTC)។
ជាការឆ្លើយតបឯកឧត្តម បណ្ឌិត កៅ គឹមហួន ក៏បានជម្រាបដែរថា លោកត្រៀមខ្លួនជានិច្ចក្នុងការ បន្តជួយគាំទ្រដល់កម្ពុជា ក៏ដូចជាបណ្ដារដ្ឋសមាជិកាទាំងអស់ ក្នុងយន្តការថ្នាក់តំបន់ដែលមានកន្លង ទៅនេះ។ លោកចាត់ទុកថា ការថែរក្សាបាននូវសន្តិសុខ និងសន្តិភាព គឺជាកិច្ចការដ៏មានសារសំខាន់សំរាប់តំបន់អាស៊ានទាំងមូល ដែលកន្លងទៅនេះ រដ្ឋជាសមាជិក អាស៊ានទាំងអស់មានកម្ពុជាផងនោះបានចូលរួមយ៉ាងសកម្មក្នុងការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
ឯកឧត្តម បណ្ឌិត កៅ គឹមហួន ក៏បានសម្ដែងការអបអរសាទរចំពោះកម្ពុជា ដែលបានធ្វើជាម្ចាស់ ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ាននាឆ្នាំ២០២២កន្លងទៅយ៉ាងជោគជ័យ និងបានអបអរសាទរផង ដែរចំពោះក្រសួងមហាផ្ទៃ ដែលបានចូលរួមចំណែកក្នុងការអនុវត្តរាល់យន្តការផ្សេងៗរបស់អាស៊ាន ដែលក្រសួងមហាផ្ទៃបានដឹកនាំក្នុងឆ្នាំ២០២២កន្លងទៅនេះ លើការងារពាក់ព័ន្ធនឹងបញ្ហាសន្តិសុខ។ ឯកឧត្តម បណ្ឌិត កៅ គឹមហួន ថ្លែងដោយភាពស្និទ្ធស្នាលថា នឹងបន្តផ្ដល់ការគាំទ្រកម្ពុជា ក៏ដូច បណ្ដាសមាជិកអាស៊ានដទៃទៀតដែរដោយធ្វើយ៉ាងណាឱ្យមានលទ្ធភាពអនុវត្តបានជោគជ័យនូវបណ្ដាយន្តការតំបន់អាស៊ាននានា ដែលប្រទេសនីមួយៗមានភារកិច្ចទទួលខុសត្រូវ។
ជាមួយគ្នានោះដែរឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ក៏បានថ្លែងគាំទ្រចំពោះតួនាទីរបស់ឯកឧត្តម អគ្គលេខាធិការអាស៊ាន ក្នុងការពង្រឹង និងលើកកម្ពស់សាមគ្គីភាពរបស់អាស៊ាន។ ចំពោះការងារសន្តិសុខ លោកអភិសន្តិបណ្ឌិត សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដោយចាត់ ទុកថា ជាឆ្អឹងខ្នងដ៏សំខាន់ នៃសេដ្ឋកិច្ចជាតិ។ ក្នុងនោះកម្ពុជាបាននិងកំពុងធ្វើយ៉ាងណាកសាងនូវភាពសុខដមរមនាក្នុងសង្គម។ លើសពីនេះ កម្ពុជាបានដើរតួនាទីនិងបំពេញកិច្ចការងារយ៉ាងច្រើនក្នុងកិច្ចសហប្រតិបត្តិការអាស៊ានពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងបន្តចូលរួមថែរក្សាសន្តិសុខសន្តិភាពក្នុងតំបន់ ផងដែរ៕