(យ៉េរ៉េវ៉ាន់)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ គឺ មន្ត្រីម្នាក់ក្នុងតំបន់ផ្តាច់ខ្លួន Nagorno-Karabakh បាននិយាយថាមាន មនុស្សស្លាប់ និងរងរបួសរាប់រយនាក់ នៅបន្ទាប់ពី ប្រតិបត្តិការយោធាពេញមួយថ្ងៃរបស់អាស៊ែ បៃហ្សង់ នៅក្នុងតំបន់ផ្ដាច់ខ្លួនមួយនេះ។
នៅលើសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម កាលពីថ្ងៃពុធសប្ដាហ៍នេះ លោក ហ្គេហាំ ស្ទេផានីយ៉ាន់ (Gegham Stepanyan) ជាមន្ត្រី ម្នាក់ក្នុងតំបន់ផ្តាច់ខ្លួន Nagorno-Karabakh បានគូសបញ្ជាក់ដូច្នេះថា «មានមនុស្សយ៉ាងហោច ២០០នាក់ត្រូវបានសម្លាប់ និងច្រើនជាង ៤០០ នាក់រងរបួស»។ លោកបន្ថែមថាមានជនស៊ីវិលយ៉ាងហោច ១០នាក់ ក្នុងនោះមានកុមារ ៥នាក់ ស្ថិតនៅក្នុងចំណោមអ្នកដែលបានស្លាប់។
អាស៊ែបៃហ្សង់ មិនបានបញ្ជាក់ពីតួលេខអ្នកសា្លប់ ឬរងរបួសនោះទេ ប៉ុន្តែប្រធានាធិបតីអាស៊ែបៃ ហ្សង់ លោក អ៉ីលហំា អាលីយ៉េវ (Ilham Aliyev) បាននិយាយថាទាហានរបស់ខ្លួនមួយចំនួនបាន ស្លាប់ និងរងរបួស។
សូមបញ្ជាក់ថា ក្រុមជនជាតិអាមេនីស្ថិតនៅតំបន់ផ្តាច់ខ្លួន Nagorno-Karabakh បានសម្រេចយល់ ព្រម ចំពោះសំណើផ្តួចផ្តើមដោយរុស្ស៉ី សម្រាប់ បទឈប់បាញ់គ្នានាថ្ងៃពុធនេះ ពោលគឺរយៈពេល ២៤ម៉ោង បន្ទាប់ពីអាស៊ែបៃហ្សង់បានចាប់ផ្តើមប្រតិបត្តិការយោធា ដើម្បីព្យាយាមវាយគ្រប់គ្រង លើតំបន់នេះទាំងស្រុង។ អាស៊ែបៃហ្សង់បានចាប់ផ្តើមប្រតិបត្តិការយោធា នៅតំបន់ Nagorno-Karabakh កាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់ពីភាពតានតឹងរវាងគ្នាបានកើនឡើងអស់រយៈពេល ប៉ុន្មានខែ។ ជាអន្តរជាតិ តំបន់ Nagorno-Karabakh ត្រូវបានទទួលស្គាល់ផ្លូវការជាទឹកដីនៃ ប្រទេសអាស៊ែបៃហ្សង់ ប៉ុន្តែផ្នែកនៃតំបន់នេះ គឺស្ថិតការត្រួតត្រារបស់អាជ្ញាធរផ្តាច់ខ្លួនជាជនជាតិ អាមេនី ដែលបានអះអាងថា វាគឺជាទឹកដីកំណើត របស់ដូនតាពួកគេ៕