(ញូវយ៉ក)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកញ្ញា ឆ្នាំ២០២៣ គឺ ព្រះអង្គម្ចាស់រជ្ជទាយាទអារ៉ាប៊ីសាអូឌីត មហាំម៉ាត់ ប៊ីន សាល់ម៉ាន នៅថ្ងៃ ពុធសប្ដាហ៍ នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បាននិយាយថា ការភ្ជាប់ទំនាក់ទំនងជាប្រក្រតីជាប្រវត្តិ សាស្ត្រជាមួយអ៉ីស្រាអែល កាន់តែជិតមកដល់ ហើយក៏បានព្រមានដែរថាអារ៉ាប៊ីសាអូឌីតអាចនឹង ស្វែងរកអាវុធ នុយក្លេអ៊ែរ ប្រសិនបើអ៉ីរ៉ង់មានអាវុធនុយក្លេអ៊ែរ។
ព្រះអង្គម្ចាស់ ប៊ីនសាល់ម៉ាន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Fox News ជាមួយការច្រានចោលព័ត៌មានដែរថា អារ៉ាប៊ីសាអូឌីត បានផ្អាកកិច្ចចរចាជាមួយអ៉ីស្រាអែល ក្រោមការសម្របសម្រួលពីសហរដ្ឋអាមេរិក។ ព្រះអង្គម្ចាស់រជ្ជទាយាទបានគូសបញ្ជាក់ដូច្នេះថា «យើងកាន់តែខិតជិតគ្នាពីមួយថ្ងៃទៅមួយថ្ងៃ»។ ប៉ុន្តែ ព្រះអង្គបានសង្កត់ធ្ងន់ថាអារ៉ាប៊ីសាអូឌីត ចង់ឃើញភាពរីកចម្រើនបន្ថែមចំពោះការធានាសិទ្ធិ សេរីភាពរបស់ប្រជាជនប៉ាឡេស្ទីន ខណៈរដ្ឋា ភិបាលស្ដាំនិយមជ្រុលរបស់លោកនាយករដ្ឋមន្ត្រីអ៉ីស្រាអែល Benjamin Netanyahu កំពុងបន្តសង់ លំនៅដ្ឋានខុសច្បាប់នៅក្នុងតំបន់ West Bank។
«សម្រាប់យើង បញ្ហាប៉ាឡេស្ទីន គឺជារឿងសំខាន់បំផុត។ យើងត្រូវការដោះស្រាយបញ្ហានេះឱ្យបាន។ យើងត្រូវធ្វើឱ្យជីវភាពរបស់ប្រជាជនប៉ាឡេស្ទីន មានភាពល្អប្រសើរ»។ នេះជាការបន្ថែមរបស់ព្រះអង្គ ម្ចាស់ប៊ីនសាល់ម៉ាន៕