ធនាគារ ADB ទម្លាក់ការរព្យាករកំណើនសេដ្ឋកិច្ចតំបន់អាស៊ី តែថាសេដ្ឋកិច្ចតំបន់នេះនៅតែរឹងមាំ


(ម៉ានីល)៖  យោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg​ បានអោយដឹងថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់តំបន់អាស៊ីកំពុងអភិវឌ្ឍន៍មកត្រឹម ៤,៧% នៅឆ្នាំនេះ តែថា សេដ្ឋកិច្ចរបស់តំបន់នេះនៅតែមានភាពរឹងមាំក្នុងគ្រាដែលមានការកើន ឡើងហានិភ័យ។

ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយដកស្រង់របាយការណ៍បច្ចុប្បន្នភាពប្រចាំ ខែកញ្ញាស្តីពីចក្ខុវិស័យអភិវឌ្ឍន៍អាស៊ីថា អត្រានេះត្រូវបានទម្លាក់ពីអត្រា ៤,៨% ដែលធនាគារ អភិវឌ្ឍន៍នេះបានព្យាករកាលពីខែមេសា។ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិនទំនងជានឹងធ្លាក់ចុះមកនៅត្រឹមកម្រិត ៤,៩% នៅឆ្នាំនេះ ដែលធ្លាក់ចុះពី ៥% ដែលបានព្យាករកាលពីមុន។

ខណៈពេលដែលតម្រូវការសកលថមថយបានរួមចំណែកដល់ការធ្លាក់ចុះការនាំចេញ សកម្មភាព សេដ្ឋកិច្ចត្រូវបានគេមើលឃើញថាត្រូវបានគាំទ្រដោយការស្ទុះងើបឡើងវិញនៃវិស័យទេសចរណ៍ និងតម្រូវការក្នុងស្រុកដែលមានសុខភាពល្អ។

ធនាគារ ADB បានលើកឡើងពីហានិភ័យសំខាន់ៗចំនួនបីចំពោះចក្ខុវិស័យវិស័យរួមមានផលប៉ះ ពាល់នៃភាពទន់ខ្សោយក្នុងវិស័យអចលនទ្រព្យរបស់ប្រទេសចិន ការរំខានការផ្គត់ផ្គង់ជាបន្តបន្ទាប់ ពីការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន និងការទប់ស្កាត់ការនាំចេញក្នុងគ្រាដែលមាន ហានិភ័យនៃគ្រោះរាំងស្ងួត និងទឹកជំនន់ដែលបណ្តាលមកពីបាតុភូតអាកាសធាតុអ៊ែលនីណូ។

លោក Albert Park ប្រធានសេដ្ឋវិទូនៃធនាគារ ADB បានថ្លែងថា៖ «តំបន់អាស៊ីកំពុងអភិវឌ្ឍបន្តរីក ចម្រើនយ៉ាងខ្លាំង ហើយសម្ពាធអតិផរណាកំពុងស្រកចុះ»។ លោកបន្ថែមថា៖ «ធនាគារកណ្តាលមួយចំនួននៅក្នុងតំបន់បានចាប់ផ្តើមទម្លាក់អត្រាការប្រាក់ ដែល នឹងជួយជំរុញកំណើនសេដ្ឋកិច្ច»

ធនាគារ ADB ក៏បានកាត់បន្ថយការព្យាកររបស់ខ្លួនអំពីកំណើនសេដ្ឋកិច្ចសម្រាប់ប្រទេសឥណ្ឌាពី ៦,៤% មកត្រឹម ៦,៣% ផងដែរ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg៕