(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុង ពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភព លោក របស់អង្គការយូណេស្កូ» នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។
តាមការអំពាវនាវរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅគ្រប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ក៏ដូចជាទីវត្តអារាម ជនរួមជាតិកម្ពុជា បានរួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកយ៉ាងខ្ញៀវខ្ញារ ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែល «រមណីយដ្ឋាន ប្រាសាទកោះកេរ» ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
គួរបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវ ការរបស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ី សាអូឌីត។ ដោយបូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភព លោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ ហិកតា, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា។
សូមជម្រាបថា រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរ ដែលស្ថិតក្នុងរាជព្រះបាទ ជ័យវម៌្មទេវទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ ៩២៨ រហូតដល់ឆ្នាំ ៩៤១ នៃគ.ស.។ ព្រះអង្គ បាននាំ យកព្រះសេវលិង្គ ដែលជាទេពសម្រាប់រាជ្យ (ខ្មែរបុរាណហៅថា «កម្រតេងជគតតរាជ» ឬភាសា សំស្រ្តឹតហៅថា«ទេវរាជ» មកតម្កល់នៅទីស្ថានថ្មីនេះ។ ដល់ឆ្នាំ៩២៨ ព្រះបាទជ័យវម៌្មទេវទី៤ឡើង សោយរាជ្យពេញលេញក្រោយពីព្រះបាទឥសានវម៌្មទេវទី២ ដែលជាក្មួយរបស់ព្រះអង្គ ហើយសោយ រាជ្យនៅរាជធានីអង្គរបានចូលទវង្គតទៅ។
បន្ទាប់ពីឡើងសោយរាជ្យផ្លូវការហើយ ព្រះអង្គបានធ្វើឲ្យតំបន់កោះកេរក្លាយជារាជធានី ដែលជា មជ្ឈមណ្ឌលនយោបាយធំនៅសម័យនោះ។ ចំណែក ប្រាសាទផ្សេងៗទៀត កសាងឡើងសម្រាប់ តម្កល់បដិមាសំខាន់ៗ ដែលមានទំហំធំៗប្រកបដោយសោភ័ណ្ឌភាព និងកាយវិការយ៉ាងរស់រវើក។ បដិមាទាំងនោះមានដូចជាព្រះឥសូររាំ, ព្រះព្រហ្ម, ព្រះនារាយណ៍ និងក៏ដូចជាបដិមាមួយក្រុមដែល បានបង្ហាញជាឈុតមួយនៃការប្រយុទ្ធគ្នារវាងក្រុមបណ្ឌព និងក្រុមកោរព នៃរឿងមហាភារត។
តាមរយៈសិលាចារឹក បានឲ្យដឹងថារាជធានីនេះមានឈ្មោះដើមជាភាសាសំស្រ្កឹតថា លិង្គបុរ និង មានឈ្មោះមួយទៀតហៅថា ឆោកគគ៌្យ។ ឆោកគគ៌្យ នេះដែលមានអ្នកប្រាជ្ញជាតិ និងអន្តរជាតិមួយ ចំនួនប្រែថា ស្រះគគីរ គោកគគីរ ឬអ្នកខ្លះទៀតក៏បានប្រែថាជាកោះគគីរ។ ប៉ុន្តែក្រោយមកក៏មានការយល់ស្របគ្នាដោយហៅមកជា កោះកេរ មកដល់សព្វថ្ងៃ។
ក្រោយពីព្រះបាទជ័យវម៌្មទេវទី៤ បានសោយព្រះទិវង្គតនៅឆ្នាំ៩៤១ទៅ ព្រះរាជបុត្ររបស់ព្រះអង្គ មានព្រះនាមថា ហសវម៌្មទេវទី២ សោយរាជ្យបន្តបានតែ២-៣ឆ្នាំប៉ុណ្ណោះ។ នៅឆ្នាំ៩៤៤ ព្រះបាទ រាជេន្រ្ទវម៌្មទេវទី២ ដែលជាក្មួយរបស់ព្រះបាទជ័យវម៌្មទេវទី៤ ឡើងសោយរាជ្យបន្តហើយបានប្តូររាជ ធានីពីកោះកេរនេះទៅរាជធានីអង្គរឡើងវិញ។
រាជធានីកោះកេរនេះ មានផ្ទៃក្រឡាប្រហែលជា ៤០០០ហិចតា ដែលក្នុងនោះមានការរៀបចំក្រុង ជាមួយ និងរចនាសម្ព័នផ្លូវថ្នល់ រហាល ស្រះ សំណង់រក្សាទឹក ពិសេសការៀបចំប្រព័ន្ធទឹកឲ្យសម ស្របជាមួយទីតាំងភូមិសាស្ត្រ។ ក្រៅពីនេះក្នុងរាជធានីកោះកេរ ក៏មានជាសំណង់ស្ថាបត្យកម្ម សំខាន់ៗមួយចំនួនទៀតដូចជា រាជវាំង ប្រាសាទរាជសម្រាប់ព្រះរាជាគោរពបូជា ប្រាសាទសម្រាប់ ឧទ្ទិសទៅកាន់បុព្វការរីជន ប្រាសាទសម្រាប់សារធារណៈជនគោរពបូជា សំណង់មន្ទីរពេទ្យ។
ព្រះអង្គបានកសាងហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្តដូចជាទំនប់ទឹក, រហាល, ត្រពាំងតូច ធំ ជាច្រើន និងកសាងប្រាសាទជាច្រើនក្នុងរាជធានីថ្មីនេះដូចជាប្រាសាទធំ ដែលជាស្ថាបត្យកម្មលេចធ្លោនៅ កោះកេរនេះ។ មិនតែប៉ុណ្ណោះក្នុងរាជធានីកោះកេរ ក៏មានជាកន្លែងធ្វើឧស្សាហកម្មអំពីដែក ក៏ដូចជា ការឧស្សាហកម្មផលិតកុលាលភាជន៍សម្រាប់បម្រើលើការប្រើប្រាស់ និងផ្គត់ផ្គង់ទៅលើមនុស្សក្នុង តំបន់ក៏ដូចជានាំចេញដែរ។
ក្នុងតំបន់រមណីយដ្ឋានប្រាសាទកោះកេរ មានប្រាសាទចំនួន ៧៦ ប្រាសាទ និង ស្ថានីយបុរាណ ចំនួន ៥១ស្ថានីយ។ តំបន់កោះកេរ នៅតែជាសហគមន៍មនុស្សរស់នៅក្នុងសម័យអង្គរជាហូរហែ ពីសតវត្សទី៩ដល់សតវត្សទី១៥ ទោះបីទីនេះលែងមានតួនាទីជារាជធានីធំដុំចាប់ពីឆ្នាំ៩៤៤ ក៏ដោយ។ មូលហេតុ ដែលរមណីយដ្ឋានកោះកេរនេះនៅតែមានតួនាទីសំខាន់ គឺអាចមកពីទីនេះ ស្ថិតនៅតាមបណ្ដោយផ្លូវធំបុរាណ ដែលតភ្ជាប់ពីរាជធានីអង្គរទៅតំបន់វត្តភូ (សព្វថ្ងៃក្លាយជាទឹក ដីឡាវ) និងតភ្ជាប់ទៅទីតាំងផ្សេងទៀតនៅក្នុងអាណាចក្រខ្មែរជំនាន់នោះ។
រមណីយដ្ឋានប្រាសាទកោះកេរដើម្បីទទួលបានចំណាត់ថ្នាក់ដែលអាចចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកបាន ដោយយោងតាមលក្ខណៈវិនិច្ឆ័យទី២ និង ទី៤ ក្នុងចំណោមលក្ខណៈវិនិច្ឆ័យទាំង១០ ដែលបានចែងរបស់អង្គការយូណេស្កូ។ ក្នុងនោះដែរ លក្ខណៈវិនិច្ឆ័យទី២ គឺបានបង្ហាញអំពីការ ផ្លាស់ប្តូរនូវតម្លៃមនុស្សជាតិដែលបានកំណត់យ៉ាងច្បាស់លាស់ទៅលើការអភិវឌ្ឍលើវិស័យស្ថាបត្យកម្ម បចេ្ចកទេសបង្ហាញពីសិល្បៈខ្នាតធំ និងមានផែនការការរៀបចំក្រុងច្បាស់លាស់។ ចំពោះលក្ខណៈវិនិច្ឆ័យទី៤ គឺបានបង្ហាញជាំគំរូមួយនៃបណ្តុំសំណង់ស្ថាបត្យកម្ម ដែលបានបែងចែក ជាដំណាក់កាលដ៏មានសារៈសំខាន់ ក្នុងប្រវត្តិសាស្រ្តមនុស្សជាតិ។
ជាមួយគ្នានេះ ក្នុងការចុះរមណីយដ្ឋាន ប្រាសាទកោះកេរនេះ បានយោងទៅលើគុណតម្លៃដូចជា ស្នាដៃរួមបញ្ចូលគ្នារវាងលក្ខណៈភូមិសាស្រ្ត និងរចនាសម្ព័នថ្មីមួយ ដែលបានរំលេចចេញជាក្រុង មួយច្បាស់លាស់។ មួយវិញទៀត រចនាសម្ព័ននៃប្រព័ន្ធទឹក បានបន្តបម្រើនូវការប្រើប្រាស់របស់អ្នក ស្រុកពីសម័យបុរាណមកដល់បច្ចុប្បន្ននេះ៕