(អូតាវ៉ា)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ កាណាដា បានបន្តលើកឡើងនូវការចោទប្រកាន់ដែលអាចជឿទុកចិត្តបានថាភ្នាក់ងាររដ្ឋាភិបាលឥណ្ឌា មានជាប់ពាក់ព័ន្ធនឹង ការសម្លាប់មេដឹកនាំផ្ដាច់ខ្លួនជនជាតិភាគតិចស៉ីគ (Sikh) នៅក្នុងខេត្ត British Columbia កាលពីខែមិថុនាកន្លងទៅ ដែលនេះបង្កើនភាពតានតឹងបន្ថែម នៅក្នុងទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៩ ខែកញ្ញា ឆ្នាំ២០២៣។
លោក ហាឌីប សាញ នីចចា (Hardeep Singh Nijjar) អាយុ ៤៥ឆ្នាំត្រូវគេបាញ់សម្លាប់កាលពីថ្ងៃទី១៨ ខែមិថុនា នៅឯជាយក្រុងវេនខូវឺ (Vancouver) នៃខេត្តប្រ៊ីដធីស កូឡុំប៊ៀ (British Columbia) ជាទីដែលមានជនជាតិភាគតិចស៉ីគរស់នៅច្រើន។ លោក នីចចា បានដឹកនាំក្រុមនេះក្នុងទម្រង់ជា រដ្ឋឯករាជ្យមួយ ដែលឥណ្ឌាចាត់ទុកថាជាក្រុមភេរវករ នៅក្នុងខែកក្កដា ឆ្នាំ២០២០។
ក្នុងសេចក្តីថ្លែងការណ៍បន្ទាន់មួយទៅកាន់សភា លោកនាយករដ្ឋមន្ត្រី ចាស្ទីន ទ្រូដូ (Justin Trudeau) បានបញ្ជាក់ថា «ភាពជាប់ពាក់ព័ន្ធណាមួយរបស់ រដ្ឋាភិបាលបរទេសក្នុងការសម្លាប់ពលរដ្ឋកាណាដា គឺជាការរំលោភលើអធិបតេយ្យភាពរបស់យើង ដែលមិនអាចទទួលយកបាន។ ទីភ្នាក់ងារសន្តិសុខ កាណាដា កំពុងបន្តតាមដានការចោទប្រកាន់លើការជាប់ពាក់ព័ន្ធគ្នា រវាងភ្នាក់ងាររបស់រដ្ឋាភិបាលឥណ្ឌាទៅនឹងការស្លាប់របស់ លោក នីចចា»៕