(កំពង់ធំ-សៀមរាប)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, រដ្ឋបាលជលផល អង្គការ UNIDO និងក្រុមអ្នកសារព័ត៌មាន បានចុះទស្សនកិច្ចសិក្សា ចំពោះទីតាំងកែច្នៃត្រីងៀត ចំនួន២កន្លែង នៅក្នុងខេត្ដកំពង់ធំ និងខេត្ដសៀមរាប ដែលទទួលបានការគាំទ្រពីគម្រោង CAPFish។
ការចុះទស្សនកិច្ចសិក្សានេះ ដឹកនាំ និងសម្របសម្រួលដោយ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF), ថ្នាក់ដឹកនាំ និងមន្រ្តីជំនាញ រដ្ឋបាលជលផល (FiA) ជាច្រើនរូប នាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣។
សិប្បកម្មកែច្នៃត្រីងៀតទីមួយ៖ មានទីតាំងភូមិកំពង់ចិន ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ ដោយមានសមត្ថភាពផលិតត្រីងៀត បានក្នុងមួយថ្ងៃ ចំនួន៥០០គីឡូក្រាម។ សិប្បកម្មនេះ ផ្គត់ផ្គង់ផលិតផលខ្លួនជាចម្បង ទៅកាន់ទីផ្សារក្នុងស្រុក ក្នុងខេត្តកំពង់ធំ កំពង់ចាម និងខេត្តរតនគិរី។
បើតាមការបញ្ជាក់ពី លោក សួង សុភ័ណ ដែលជាម្ចាស់អាជីវកម្ម បានឲ្យដឹងថា សិប្បកម្មផលិតត្រីងៀតនេះ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០១១ និងបានចុះបញ្ជីជាមួយមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ធំ។
លោក សួង សុភ័ណ បានរៀនសូត្រចំណេះដឹង អំពីការកែច្នៃផលិតផលជលផលនេះ តពីឪពុក-ម្តាយ ដែលប្រកបរបរអាជីវកម្មនេះ អស់រយៈពេលជាច្រើនឆ្នាំ កន្លងមកហើយ។ ផលិតផលរបស់សិប្បកម្ម មានដូចជា ត្រីងៀត ប្រហុក និងត្រីឆ្អើរ។
លោកបានបញ្ជាក់ថា តាមរយៈកិច្ចគាំទ្ររបស់គម្រោង CAPFish ក្នុងកម្មវិធីសហវិនិយោគ (VCIS) តាមយន្តការពន្លឿន បានជួយឲ្យសិប្បកម្មអនុវត្តស្តង់ដារ CQS និងបានអនុវត្តនូវសកម្មភាពសំខាន់ៗរួមមាន៖
* កែលម្អទីតាំង សម្ភារៈនិងបរិក្ខាកែច្នៃ ឲ្យស្របតាមតម្រូវការអប្បបរមាស្តង់ដារ COS រួមទាំងប្រព័ន្ធលូទឹកកខ្វក់
* បន្តទិញត្រីស្រស់ពីវារីវប្បករក្នុងស្រុក និងអនុវត្តកសិកម្មតាមកិច្ចសន្យា ជាមួយអ្នកផ្គត់ផ្គង់ត្រីស្រស់ ក្នុងស្រុកចំនួន២០នាក់ ដោយលើកទឹកចិត្តពួកគេ ឲ្យអនុវត្តតាមស្តង់ដារ COs
* បណ្តុះបណ្តាលផ្ទាល់លើការងារអំពីស្តង់ដារ អប្បបរមា CQS ដល់បុគ្គលិក៨នាក់ និងជ្រើសរើសបុគ្គលិកថ្មីចំនួន ២នាក់
* បង្កើតសម្ភារទីផ្សារ ផ្លាកសញ្ញាផលិតផល និងកែលម្អសម្ភារៈវេចខ្ចប់
* ពិនិត្យមើល និងកែលម្អការកត់ត្រាអាជីវកម្ម និងកំណត់ស្វែងរកអ្នកបញ្ហាថ្មី នៅខេត្តកំពង់ចាម និងទីផ្សាររាជធានីភ្នំពេញ។
ដោយឡែក សិប្បកម្មកែច្នៃត្រីងៀតទីពីរ មានឈ្មោះ Home Taste Food៖ មានទីតាំងនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ដោយមានម្ចាស់អាជីវកម្មឈ្មោះ ស៊ឹម សេរីរ័ត្ន និងក្នុងមួយខែ លក់ចេញបានចំនួន ៣,២៣២គីឡូក្រាម។
អ្នកស្រី ស៊ឹម សេរីរ័ត្ន បានឲ្យដឹងថា Home Taste Food មានផលិតផលសំខាន់ៗចំនួន៣ រួមមាន៖ ងៀតត្រីឌៀប ត្រីប្រាហើម និងងៀតត្រីរ៉ស់។ ដើម្បីផ្គត់ផ្គង់ទាំងទីផ្សារចាស់ និងថ្មី សហគ្រាសប្តេជ្ញា បង្កើនផលិតកម្ម ពី៣,២៣២គីឡូក្រាម ក្នុងមួយខែ ដល់៩,០០០គីឡូក្រាម ក្នុងមួយខែ ខណៈមានតម្លៃជាមធ្យមពី៩-១៣.៧៥ដុល្លារ ក្នុងមួយគីឡូ។
អ្នកស្រី ស៊ឹម សេរីរ័ត្ន បានឲ្យដឹងទៀតថា កិច្ចគាំទ្ររបស់គម្រោង CAPFish តាមរយៈកម្មវិធីសហវិនិយោគ បានផ្តល់ជាសម្ភារៈបរិក្ខារជំនួយបច្ចេកទេស និងវិញ្ញាបនប័ត្រ CQS រួមទាំងការប្រឹក្សាយោបល់ លើការគ្រប់គ្រងអាជីវកម្ម ដើម្បីផ្គត់ផ្គង់ទៅដល់សាខារបស់ខ្លួនទាំង៣ នៅទីក្រុងភ្នំពេញ និងត្រៀមលក្ខណៈនាំចេញទៅកាន់ទីផ្សារក្រៅស្រុក។
សូមបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ជលផលក្រោយប្រមូលផល (CAPFISH) គឺជាកម្មវិធីជំរុញកំណើន វិស័យជលផលប្រកបដោយចីរភាព និងបរិយាប័ន្ន និងមានគោលដៅគាំទ្រសមត្ថភាពបច្ចេកទេស ពង្រឹងវិស័យឯកជន លើកកម្ពស់ការប្រកួតប្រជែង អនុវត្តនូវប្រព័ន្ធស្តង់ដាម្ហូបអាហារនៅកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាតិ និងអន្តរជាតិ៕