តៃវ៉ាន់ថា យន្ដហោះចម្បាំងចិន ១០៣គ្រឿង ធ្វើសកម្មភាពក្បែរដែនកោះរបស់ខ្លួន

(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញានេះ បានរាយការណ៍ថាយន្ដហោះចម្បាំងចិន ១០៣គ្រឿង បានធ្វើសកម្មភាពហោះហើរ នៅក្បែរដែនកោះរបស់ខ្លួន ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ក្នុងសេចក្ដីថ្លែងការណ៍មួយ ក្រសួងការពារជាតិតៃវ៉ាន់ បានគូសបញ្ជាក់ដូច្នេះថា «យន្ដហោះចម្បាំង១០៣គ្រឿង និងនាវាចម្បាំង៩គ្រឿងរបស់កងទ័ព រំដោះប្រជាជនចិន PLA បានធ្វើសកម្មភាពហោះហើរនៅក្បែរកោះតៃវ៉ាន់ នៅចន្លោះពីថ្ងៃអាទិត្យ និងព្រឹកថ្ងៃចន្ទនេះ»។ ក្រសួងបន្ថែមថាក្នុងចំណោម យន្ដហោះចម្បាំងចិនទាំងនេះ មាន៤០គ្រឿងបានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់ ក្នុងរយៈពេល២៤ម៉ោងមកនេះ។

គួរបញ្ជាក់ថា យោធាចិនតែងតែបញ្ជូនយន្ដហោះចម្បាំងឱ្យធ្វើការហោះហើរនៅឯតំបន់ភាគខាងត្បូង និងខាងលិចនៃកោះតៃវ៉ាន់ ដែលទីក្រុងប៉េកាំង ចាត់ទុកថាជាខេត្តមួយរបស់ខ្លួន។ តៃវ៉ាន់បានរាយការណ៍ពីវត្តមានយន្ដហោះចម្បាំងចិន នៅក្បែរដែនកោះរបស់ខ្លួន តាំងតែពីសប្ដាហ៍មុនមកម្ល៉េះ បន្ទាប់ពីទីក្រុងប៉េកាំង បាននិយាយថាកងទ័ពចិនកំពុងប្រុងជើងការខ្ពស់ ក្រោយនាវាចម្បាំង ២គ្រឿងរបស់សហរដ្ឋអាមេរិក និងកាណាដាធ្វើដំណើរ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងខែកញ្ញានេះ៕