ប្អូនស្រីលោក គីម ជុងអ៊ុន ត្រូវគេឃើញកាន់កាបូបយួរដៃម៉ាក Dior តម្លៃ៧,០០០ដុល្លារ អំឡុងដំណើរទស្សនកិច្ចនៅរុស្ស៉ី

(សេអ៊ូល)៖​ អ្នកនាង គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីបង្កើតរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រូវបានគេប្រទះឃើញ កាន់កាបូបយួរដៃមួយមានតម្លៃ ៧,០០០ដុល្លារ ជាផលិតក្រុមហ៊ុនបារាំង Dior អំឡុងអមដំណើរបងប្រុសធ្វើទស្សនកិច្ចនៅរុស្ស៉ី កាលពីសប្ដាហ៍មុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straitstimes នៅថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣។

បើតាមរូបថតមួយសន្លឹកចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ​កាបូបយួរដៃពណ៌ខ្មៅរបស់អ្នកនាង គីម គឺស្រដៀងគ្នាទៅនឹង កាបូបយួរដៃម៉ាក Lady Dior ដែលបច្ចុប្បន្នត្រូវបានដាក់លក់នៅលើគេហទំព័រផ្លូវការរបស់ក្រុមហ៊ុន Dior។ រូបថតនេះដដែលត្រូវបានថត នៅពេលអ្នកនាង គីម អមដំណើរលោក គីម ជុងអ៊ុន ធ្វើទស្សនកិច្ចទៅកាន់រោងចក្រផលិតយន្ដហោះចម្បាំងរុស្ស៉ី ក្នុងទីក្រុងមួយស្ថិតនៅ តំបន់ចុងបូព៌ាបំផុតនៃប្រទេសរុស្ស៉ី។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយឡើយ ដែលសមាជិកគ្រួសារលោក គីម ជុងអ៊ុន ត្រូវបានគេប្រទះឃើញប្រើប្រាស់ផលិតផលម៉ាកល្បីៗ របស់លោកខាងលិច។ តួយ៉ាង អំឡុងការធ្វើតេស្ដបាញ់មីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM វ៉ាងសុង-១៧ (Hwasong-17) កាលពីខែមីនាកន្លងទៅ កូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន ឈ្មោះ គីម ជូអេ ត្រូវបានគេប្រទះឃើញស្លៀកអាវធំខាងក្រៅពណ៌ខ្មៅមួយមានតម្លៃ ១,៩០០ដុល្លារ និងត្រូវបានគេជឿថាជាម៉ាកពីក្រុមហ៊ុន Dior។

ចំណែក លោក គីម ជុងអ៊ុនផ្ទាល់ត្រូវបានគេឃើញពាក់នាឡិកាដៃក្រុមហ៊ុនស្វីស IWC ថ្លៃដល់ទៅ ១៣,៤០០ដុល្លារផងដែរ ក្នុងពេលដែលលោក ចូលរួមទស្សនាការធ្វើព្យុហយាត្រាយោធាមួយ ដើម្បីអបអរសាទរខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សពលករ កាលពីឆ្នាំ២០២០៕