ក្នុងនាម ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក និងក្នុងនាមខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវការ កោតសរសើរ ដោយស្មោះ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការសាលាស្រុក មន្ត្រីសម្របសម្រួលក្រុមប្រឹក្សាស្រុក ដែលបានកែលំអរ និងសហការគ្នាក្នុងការរៀបចំវេទិការនេះ ។
វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ នាថ្ងៃនេះយើងបានធ្វើការបង្ហាញនូវតួនាទីភារកិច្ច និងទំនាក់ទំនងការងារ រវាងក្រុមប្រឹក្សាស្រុក និងគណៈអភិបាលស្រុក ព្រមទាំងសមទ្ធិផល ដែលរដ្ឋបាលស្រុកសម្រេចបាន និងបញ្ហាប្រឈមនានា ក្នុងការអនុវត្តផែនការសកម្មភាពនាឆ្នាំកន្លងមកនេះ ក្នុងការអភិវឌ្ឍន៍ មូលដ្ឋានក៍ដូចជាការបំរើរសេវាសាធារណៈជូនប្រជាពលរដ្ឋ ។
ឆ្លងតាមការពិភាក្សាយើងទាំងអស់គ្នាបានពិភាក្សា និងពិគ្រោះយោបល់ជាមួយគ្នាលើប្រធានបទចំនួនបួនគឺ៖
១.ការផ្ដល់សេវារដ្ឋបាលសាធារណៈ តាមរយៈការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុកបូទុមសាគរ
២.ផ្សព្វផ្សាយតួនាទី និងភារកិច្ច របស់ការិយាល័យប្រជាពលរដ្ឋ
៣.ការបង្ហាញពីគោលនយោបាយភូមិឃុំមានសុវត្ថិភាព
៤.ផ្សព្វផ្សាយអំពី អនាម័យ បរិស្ថាន
ក្នុងនោះយើងបានរកឃើញនូវបញ្ហាសំខាន់ៗ ជាអទិភាពសម្រាប់ឲ្យរដ្ឋបាលស្រុក យកមកពិចារណា និងធ្វើដោះស្រាយ សំដៅធ្វើយ៉ាងណា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើង ឲ្យកាន់តែប្រសើរឡើង ។ ក្នុងវេទិការនេះដែរ ខ្ញុំសង្កេតឃើញថាមានការចូលរួមយ៉ាងច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ យើងក្នុងការលើកឡើងនូវមតិយោបល់ក៍ដូចជាសំណូមពរផ្ទាល់មាត់ និងការសរសេរក្រដាស់ មួយចំនួនដូចខាងក្រោម៖
១.សំនួរ សំណូមពរផ្ទាល់មាត់មានចំនួន ៥នាក់
២.សំនួរ សំណើរសំណូមពរសរសេរលើក្រដាស់ចំនួន ៩នាក់
ក្នុងនាមក្រុមប្រឹក្សាស្រុក និងរដ្ឋបាលស្រុក ខ្ញុំសូមជម្រាបជូនគណៈអធិបតី អស់លោក លោកស្រី ជ្រាប់ថា៖ សំនួរ សំណើរ និងសំណូមពរមួយចំនួន គឺវាលគ្មិនរបស់យើងបានធ្វើការបំភ្លឺរួចហើយ ប៉ុន្តែនៅមានសំនួរ សំណើរ និងសំណូមពរ មួយចំនួនទៀតមិនទាន់បានបំភ្លឺ ឬធ្វើការបកស្រាយជូននាឱកាសនេះទេ ដូច្នេះ គណៈអភិបាលស្រុក ក្រុមប្រឹក្សាស្រុក ខ្ញុំសូមយកសំណើរនិងសំណូមពរ ដែលនៅសេសសល់ទៅពិនិត្យ ពិភាក្សា ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាស្រុក ដើម្បីជូន អ្នកពាក់ព័ន្ធនានា រកវិធីដោះស្រាយព្រមទាំងផ្តល់នូវព័ត៍មាន ត្រឡប់ជូនបងប្អូនប្រជាពលរដ្ឋវិញ តាមរយៈក្រុមប្រឹក្សាឃុំ ។
ជាទីបញ្ចប់ ខ្ញុំសូមថ្លែងសំណរ អរគុណ ចំពោះ គណៈអធិបតី លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមទាំងអស់ ដែលបានឆ្លៀតឱកាសដ៍មានតំលៃចូលរួមក្នុងវេទិការនេះ និងបានធ្វើឲ្យអង្គវេទិការនេះដំណើរការបានយ៉ាងល្អ ក្នុងបរិយាកាស ស្និតស្នាល សោមនស្សរីករាយ និងសាមគ្គីភាពខ្ពស់ ។ ខ្ញុំសូមជូនពរដល់ គណៈអធិបតី លោក លោកស្រី សមាជិក សមាជិកា នៃអង្គវេទិការទាំងមូល ប្រកបដោយពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាឡើយ និងសូមប្រកាសបិទអង្គ វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកបូទុមសាគរ ចាប់ពីពេលនេះតទៅ ។