(ឥណ្ឌូនេស៊ី)៖ សម្តេចមហាបវរធិបតី
ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន បានគូសបញ្ជាក់អំពីគោលបំណងចង់ បង្កើត
និងបង្កើនឧត្តមប្រយោជន៍បន្ថែមទៀត សម្រាប់ប្រជាជាតិទាំងពីរដោយឈរលើចំណងមិត្តភាពដ៏រឹងមាំ
និងស្អិតរមួត។
ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីររំពឹងថា នឹងបន្តកិច្ចពិភាក្សាជាមួយគ្នាបន្ថែមទៀត នៅក្នុងដំណើរ ទស្សនកិច្ចរបស់ សម្ដេចធិបតី ទៅកាន់ ប្រទេសចិន នាពេលខាងមុខដ៏ខ្លីនេះ។
កិច្ចពិភាក្សានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា នៃសាធា រណរដ្ឋឥណ្ឌូណេស៊ី ក្នុងឱកាស សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយលោក លី ឈាង នៅក្រៅកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធ។
លោក លី ឈាង បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្ដៅចំពោះ សម្ដេចធិបតី ដែលត្រូវបាន ជ្រើសតាំងជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា និង បានផ្តាំផ្ញើនូវការសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់ លោកប្រធានាធិបតី ស៊ី ជីនពីង និង រូប លោកផ្ទាល់ ជូនចំពោះ សម្តេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។
ជាមួយនឹងការថ្លែងអំណរគុណចំពោះការអបអរសាទរ, សម្តេចធិបតី ក៏សូមពាំនាំនូវការផ្តាំផ្ញើការ សួរសុខទុក្ខ និងការនឹករលឹកពីសំណាក់សម្ដេចតេជោ ជូនចំពោះ លោកប្រធានាធិបតី ស៊ី ជីនពីង និងប្រជាជនចិន ដែលជាមិត្តល្អរបស់ប្រជាជន និង ប្រទេសកម្ពុជា។
ជាទីបញ្ចប់, សម្ដេចធិបតី បានជូនពរ លោក លី ឈាង ឱ្យទទួលបានជោគជ័យក្នុង បេសកកម្ម បន្តទៀតនាថ្ងៃអនាគត និងសូមធ្វើដំណើរមាតុភូមិនិវត្តន៍ប្រកបដោយសុខសុវត្ថិភាព៕