(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣ បញ្ជាក់ថា មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិក នៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសផ្ដល់កញ្ចប់ជំនួយយោធាថ្មីមួយមានទំហំ ១៧៥លានដុល្លារ សម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងគ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូម សម្រាប់រថក្រោះ Abrams ហើយដែលនេះជាលើកដំបូងបំផុត ដែលសហរដ្ឋអាមេរិកបញ្ជូនគ្រាប់ដ៏ចម្រូងចម្រាស នេះទៅឱ្យទីក្រុងកៀវ។
ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍មុនគេពីផែនការរបស់សហរដ្ឋអាមេរិក ក្នុងការ បញ្ជូនគ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូមទៅឱ្យអ៊ុយក្រែន ដោយផ្អែកលើប្រភពពីក្រុមមន្ត្រី អាមេរិកក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ បើតាមមន្ទីរបញ្ចកោណ ជំនួយយោធាខាងលើក៏នឹងមាន ផងដែរនូវប្រព័ន្ធអាវុធប្រឆាំង រថក្រោះ ក៏ដូចជាគ្រាប់រំសេវបន្ថែមសម្រាប់ប្រព័ន្ធមីស៊ីល HIMARS។ គ្រាប់មានផ្ទុកកាកសារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានប្រកាសផ្ដល់ឱ្យនេះ គឺសម្រាប់ប្រើបាញ់ ចេញ ពីរថក្រោះ Abrams ដែលអាមេរិកបញ្ជូនឱ្យអ៊ុយក្រែន ដើម្បីកម្ទេចរថក្រោះរុស្ស៉ី៕