(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmão) នាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត បានសម្តែងការដឹងគុណ និងអរគុណយ៉ាងជ្រៅចំ ពោះកម្ពុជា ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានប្រឹងប្រែងជួយប្រទេសទីម័រខាងកើត ក្លាយជាអ្នកសង្កេតការណ៍របស់អាស៊ាន ក៏ដូចជាការឈានឈ្មោះទៅជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។
ការបង្ហាញនូវការដឹងគុណ ក៏ដូចជាអរគុណនេះ បានធ្វើឡើងក្នុងពេលលោកនាយករដ្ឋមន្ត្រីប្រទេសទីម័រខាងកើត ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។
ក្នុងជំនួបនេះលោកនាយករដ្ឋមន្ត្រីទីម័រខាងកើត បានសម្តែងនូវការអបអរសាទរយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងរដ្ឋសភាដឹកនាំរាជរដ្ឋាភិបាលកម្ពុជានីតិកាលថ្មី។ លោកនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខជូនចំពោះសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលលោកតែងចាត់ទុកជាបង ប្អូនដ៏គួរឱ្យគោរព។
លោកនាយករដ្ឋមន្ត្រី បានសម្តែងអំណរគុណរាជរដ្ឋាភិបាល និងសម្តេចតេជោ ហ៊ុន សែន យ៉ាងជ្រាលជ្រៅបំផុត ដែលតែងផ្តល់ការគាំទ្រ និងលើកទឹកចិត្តដល់ប្រទេសទីម័រ ក្នុងការធ្វើសមាហរណកម្មទៅក្នុងតំបន់ និងសកល។
«ការជួយឱ្យប្រទេសទីម័រខាងកើត ក្លាយជាប្រទេសសង្កេតការណ៍របស់អាស៊ាន ខណៈកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំ២០២២ ក៏ដូចជាការគាំទ្រ និងការចែករំលែកបទពិសោធន៍របស់កម្ពុជា ក្នុងការក្លាយជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩ សុទ្ធសឹងជាកាយវិការដ៏គួរឱ្យគោរព និងជាមាគ៌ាដ៏សំខាន់សម្រាប់ឱ្យប្រទេសទីម័ររៀនសូត្រ និង រៀបចំខ្លួនដើម្បីក្លាយជាសមាជិកអាស៊ាន ក្នុងរយៈពេលដ៏ខ្លីខាងមុខ»។ នេះជាការគូសបញ្ជាក់របស់លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការអបអរសាទរ និងការថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងសម្តេចតេជោ។ សម្តេចធិបតី ក៏បានលើកឡើងថា ការជួយប្រទេសទីម័រ ក៏ជាមោទនភាពមួយរបស់កម្ពុជាផងដែរ។
សម្តេចធិបតី បានលើកទៀតថា កម្ពុជា ក្នុងនាមជាប្រទេសធ្លាប់ឆ្លងកាត់វិនាសកម្ម១ពាន់ជំពូក យល់យ៉ាងច្បាស់អំពីស្ថានភាព និងបរិការណ៍ ដែលប្រទេសទីម័រខាងកើត កំពុងជួបនាពេលបច្ចុប្បន្ន។ សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញជំហរយ៉ាងមុតមាំថា នឹងបន្តគាំទ្រ និងជួយជ្រោមជ្រែងប្រទេសទីម័រថែមទៀត ជាពិសេស សម្រាប់ដំណើររៀបចំខ្លួន ចូលជាសមាជិក អាស៊ាន ឱ្យបាននាពេលខាងមុខ។
ក្នុងជំនួបនេះថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាបន្ថែមផងដែរ អំពីវិស័យដែលមានសក្តានុពលសម្រាប់ការបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសវិស័យពាណិជ្ជកម្ម, អប់រំ, កសិកម្ម, និងទេសចរណ៍។ ថ្នាក់ដឹកនាំទាំងពីរសង្ឃឹមថា កិច្ចសហប្រតិបត្តិការល្អទាំងនេះ នឹងក្លាយ ជាឧត្តមប្រយោជន៍ដ៏ល្អសម្រាប់ប្រជាជាតិទាំងពីរ៕