សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានាធិបតីហ្វីលីពិន

 (ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក ហ្វឺឌី​ណាន់ រ៉ូម៉ូដេស ម៉ាកូស ជេអរ (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតីហ្វីលីពីន។

សូមបញ្ជាក់ថា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកប្រធានាធិបតីហ្វីលីពិន កំពុងមានវត្តមាននៅ ទីក្រុងហ្សាកាតា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំខាងលើនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលជាមេដឹកនាំ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធលើកដំបូងនោះ ក្រៅតែពីការចូលរួម កិច្ចប្រជុំជាផ្លូវការ សម្តេចធិបតី ក៏បានឆ្លៀតឱកាសជួបជាមួយមេដឹកនាំអាស៊ាន និងមេដឹកនាំប្រទេស ដៃគូអាស៊ានផងដែរ។

មកដល់ព្រឹកនេះ មេដឹកនាំអាស៊ានទាំងអស់ ដែលមានវត្តមាននៅឥណ្ឌូនេស៊ី ត្រូវបានសម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទាំងអស់ហើយ។ បន្ថែមពីលើនោះ សម្តេចធិបតី បានជួបពិភាក្សា ការងារជាមួយនាយករដ្ឋមន្ត្រីចិន នាយករដ្ឋមន្ត្រីទីម័រខាងកើត និងនាយកប្រតិបត្តិវេទិកាសេដ្ឋកិច្ច ពិភពលោកផងដែរ៕