(ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជម្រាបជូនដល់តំណាងអង្គការ យូណេស្កូនៅកម្ពុជាពីអាទិភាពរបស់ក្រសួងព័ត៌មានទាក់ទងនឹងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយដែលជនអគតិមួយចំនួនបានប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដើម្បីផ្សព្វផ្សាយបំពុលសង្គម។
ការថ្លែងបែបនេះរបស់ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានធ្វើឡើងក្នុងជំនួបពិភាក្សាការងារ និងការចូលជួបសម្តែងការគួរសមរបស់លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា នារសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងព័ត៌មាន។
បន្ថែមពីនេះ ឯកឧត្តម រដ្ឋមន្ត្រី បាគូសបញ្ជាក់ថា «ក្រសួងព័ត៌មានក្នុងអាណត្តិទី៧ នេះនឹងផ្តោត សំខាន់លើការធ្វើទំនើបកម្មស្ថាប័ន រដ្ឋបាលទំនើប និងការពង្រឹងគុណភាពនៃសារព័ត៌មាននៅកម្ពុជា តាមរយៈការបង្កើតឱ្យមានការបណ្តុះបណ្តាលវិក្រឹត្យការវិជ្ជាជីវៈសារព័ត៌មានដើម្បីបង្កើតធនធានមនុស្សក្នុងវិស័យនេះ និងការពង្រឹងការ អនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានដើម្បីធ្វើឱ្យវិស័យសារព័ត៌ មាននៅកម្ពុជាកាន់តែល្អប្រសើរថែមទៀត»។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ពីសារៈសំខាន់នៃការបណ្តុះបណ្តាល ធនធានមនុស្សក្នុងវិស័យសារព័ត៌មាន ដើម្បីពង្រឹងគុណភាពអត្ថបទដែលផ្សព្វផ្សាយជូនសាធា រណជន ពោលគឺធ្វើយ៉ាងណាឱ្យអត្ថបទដែលផ្សព្វផ្សាយមានគុណភាព និងផ្តល់ផលប្រយោជន៍ ច្រើនសម្រាប់សាធារណជនជាអ្នកអាន អ្នកទស្សនា។
ក្នុងន័យនេះក្រសួងព័ត៌មាននឹងរៀបចំបើកវគ្គបណ្តុះបណ្តាលធនធានមនុស្សលើជំនាញសារព័ត៌មាននេះជូនមន្ត្រីដែលកំពុងបម្រើការងារក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងក៏ស្វាគមន៍ផងដែរ អ្នកសារព័ត៌ មាននានាដែលមានបំណងចង់បង្កើនសមត្ថភាពរបស់ខ្លួន ឬបំប៉នបន្ថែមនូវជំនាញខ្លួន។
ឯកឧត្តម រដ្ឋមន្ត្រីបានថ្លែងផងដែរថា ការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ គឺជាអាវ ក្រោះការពារអ្នកសារព័ត៌មាន និងធ្វើឱ្យវិស័យសារព័ត៌មានកាន់តែមានការរីកចម្រើន។
លោក Sardar Umar Alam តំណាងអង្គការ UNESCO ប្រចាំនៅកម្ពុជា បានចែករំលែកទស្សនជា មួយ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងសន្យាថាចូលរួមសហការជាមួយក្រសួងព័ត៌មានដើម្បី បណ្តុះបណ្តាលធនធានមនុស្ស ក៏ដូចជាការពង្រឹងការគោរព និងអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មាន និងចូលរួមសហការការងារផ្សេងៗទៀត៕