ឯ​កឧត្តម កើត ឆែ៖ ការតាក់តែងលិខិតរដ្ឋបាល និងប្រភេទលិខិតរដ្ឋបាល ដែលជាមូលដ្ឋានគ្រឹះដ៏ មានសារៈសំខាន់ ដើម្បីឱ្យការបំពេញការងាររដ្ឋបាលប្រចាំថ្ងៃ

(ភ្នំពេញ)៖ ដើម្បីកសាងគុណភាព និងការពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការ លើការតាក់តែង លិខិតរដ្ឋបាល និងប្រភេទលិខិតរដ្ឋបាល ដែលជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់ ដើម្បីឱ្យការ បំពេញការងាររដ្ឋបាលប្រចាំថ្ងៃ ការទំនាក់ទំនងផ្ទៃក្នុងរបស់អង្គភាព និងការទំនាក់ទំនងជាមួយ អង្គភាពខាងក្រៅ តាមរយៈលិខិតរដ្ឋបាល អាចប្រព្រឹត្តទៅបាន ប្រកបដោយប្រសិទ្ធភាព គុណភាព និងប្រសិទ្ធផលខ្ពស់ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ណែនាំឲ្យមន្ត្រីរដ្ឋបាលរាជធានី ភ្នំពេញ និងមន្ត្រីរដ្ឋបាលខណ្ឌទាំង១៤ ត្រូវចិត្តទុកដាក់រៀនសូត្រ ក្នុងគោលបំណងបញ្រ្ជាប និង បំពេញបន្ថែមនូវចំណេះដឹងនេះ ។

ការណែនាំបែបនេះ បានធ្វើឡើង នាព្រឹកថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ខណៈដែល ឯ​កឧត្តម អញ្ជើញជាអធិបតីភាព តំណាងឲ្យលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានភ្នំពេញ ក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការតាក់តែងលិខិតរដ្ឋបាល» នៅសាលារាជធានីភ្នំពេញ ។

ឯ​កឧត្តម កើត ឆែ បានលើកឡើងថា ក្នុងនាម ជាមន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ ទាំងបុគ្គលិក ជាប់កិច្ចសន្យា និងបុគ្គលិកពេញសិទ្ធិទាំអស់ ត្រូវតែខិតខំសិក្សារៀនសូត្រ ពិសេស គឺការរៀនសូត្រ លើការតាក់តែង លិខិតរដ្ឋបាលនេះឯង។ បន្ថែមពីនេះ ក៏ត្រូវជម្រុះចោលឱ្យអស់ នូវទស្សនៈចាស់ ហើយ មិនបាច់រៀនសូត្រទៀត។ ការសិក្សារៀនសូត្រគឺរៀនមិនចេះចប់នោះទេ។ មន្ត្រីយើងទាំងអស់ គឺត្រូវតែជាអ្នកដែលមានចំណេះដឹងខាងផ្នែករដ្ឋបាលថ្ងៃនេះ យើងជាមន្ត្រី ថ្ងៃ ក្រោយយើងអាចក្លាយជាថ្នាក់ដឹកនាំគេ។ ថ្នាក់ដឹកនាំគេ ដាច់ខាតត្រូវតែមានចំណេះដឹងទើបអាច ដឹកនាំគេបាន។ ថ្នាក់ដឹកនាំបើមិនបានសិក្សារៀនសូត្រទេ គឺជាកំហុសឆ្គងដ៏ធំមួយហើយ។

ដើម្បីកសាងគុណភាព និងការពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការ ប្រតិបត្តិករសេវាសាធារណៈ ក៏ដូចជាការបញ្ចូលនូវបរិវត្តឌីជីថល ក្នុងរដ្ឋបាលសាធារណៈ គឺជាលទ្ធផលរំពឹងទុក នៃការដ្ឋាន កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងកំណែទម្រង់រដ្ឋបាលសាធារណៈ ។

គោលបំណងនៃការបើកវគ្គបណ្តុះបណ្ដាលខាងលើនេះ គឺដើម្បីឱ្យសិក្ខាកាម ជាមន្ត្រី និងបុគ្គលិក នៃរដ្ឋបាលរាជធានីភ្នំពេញ មានសមត្ថភាព និងចំណេះដឹងគ្រប់គ្រាន់ សម្រាប់ជាមូលដ្ឋាន ក្នុងការ រៀបចំតាក់តែងលិខិតរដ្ឋបាល ឱ្យបានត្រឹមត្រូវ ទាំងទម្រង់ និងខ្លឹមសារស្របតាមក្បួនខ្នាតដែលបាន កំណត់ និងស្ថានភាពគ្រប់គ្រងរដ្ឋបាលជាក់ស្ដែងរបស់អង្គភាពនីមួយៗ។

ស្របតាមស្មារតីនេះ បុគ្គលិក-មន្ត្រីរាជការ ត្រូវមានចំណេះដឹងលើទិដ្ឋភាពរួមនៃដំណើរការទូទៅ នៃរដ្ឋបាលសាធារណៈ ការគ្រប់គ្រងស្ថាប័នសាធារណៈ (ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) ជា ពិសេសត្រូវ មានជំនាញលើកិច្ចការរដ្ឋបាល ក្នុងនោះ ការតាក់តែងលិខិតរដ្ឋបាល គឺជាធាតុស្នល ព្រោះថា លិខិតរដ្ឋបាល គឺជាឯកសារទំនាក់ទំនងជាលាយលក្ខណ៍អក្សរ ដែលត្រូវប្រើប្រាស់ក្នុង រដ្ឋបាលសាធារណៈ ដោយរាប់ទាំងទំនាក់ទំនង ផ្ទៃក្នុងរបស់អង្គភាព និងទំនាក់ទំនងជាមួយអង្គភាព ផ្សេងៗ ។

ជាមួយគ្នានេះ ឯ​កឧត្តម ស្នើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ខិតខំត្រងត្រាប់ទទួល នូវចំណេះដឹង តាមរយៈការធ្វើបទបង្ហាញរបស់លោកនាយករងរដ្ឋបាល និងក្រុមគ្រូបង្គោល និង ត្រូវចោទជាសំណួរ ក្នុងករណីមានចម្ងល់ ដើម្បីស្នើសុំការពន្យល់ និងបកស្រាយបន្ថែម ដូចពាក្យ ចាស់លោកពោលថា «ចង់ចេះឱ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឱ្យយកភ្លើងដុតគល់» ហើយត្រូវយក ចំណេះដឹង និងធាតុចូលទាំងនេះ ទៅអនុវត្តដើម្បីទទួលបានប្រសិទ្ធភាពការងារ និងលទ្ធផលការងារ ជាក់ស្តែងផងដែរ ៕