(ប៉េកាំង)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ គឺ ភ្លៀងធ្លាក់ខ្លាំងពីចំហាយសេសសល់នៃព្យុះទីហ្វុង ហៃគូអ៉ិ (Haikui) បានបោកបក់ លើភាគអាគ្នេយ៍នៃប្រទេសចិន នៅព្រឹកថ្ងៃពុធនេះ (ម៉ោងក្នុងតំបន់) បណ្តាលឲ្យមានទឹកជំនន់ និង បង្ខំឲ្យផ្អាកសេវាកម្មរថភ្លើងក្រោមដី បិទសាលារៀន ជម្លៀសប្រជាជនចេញពីទីក្រុងនានាក្នុងខេត្ត ហ្វូជៀន (Fujian)។
ក្រុមមន្រ្តីឧតុនិយមនិយាយថា ជំនន់ទឹកភ្លៀងពេញមួយយប់បានបំបែកកំណត់ត្រារយៈពេល ១២ ឆ្នាំសម្រាប់ទីក្រុងហ្វូចូវ (Fuzhou) ហើយអាជ្ញាធរបាន ចេញការព្រមានជាផ្លូវការថា អាងស្តុកទឹក ចំនួន ៤៩កន្លែងបានឡើងលើសកម្រិតកំណត់ទឹកជំនន់។ ទីក្រុងហ្វូចូវ បានបិទផ្លូវរថភ្លើងក្រោមដី និងផ្អាកសេវាកម្មរថភ្លើង ខណៈសាលារៀនត្រូវបានបិទសម្រាប់ថ្ងៃទី២។ មនុស្សជាង ៣៦,០០០ នាក់ ត្រូវជម្លៀសខ្លួនចេញពីផ្ទះរបស់ពួកគេ។
ដោយឡែក ទីក្រុងចំនួន ៦ផ្សេងទៀតនៃខេត្តហ្វូជៀន ស្ថិតក្រោមហានិភ័យនៃទឹកជំនន់ភ្លាមៗ និងបំណាក់ដី ហើយរដ្ឋាភិបាលខេត្តបានចេញបញ្ជាឲ្យ អាជ្ញាធរមូលដ្ឋានត្រៀមជម្លៀសប្រជាជន ចេញពីតំបន់ដែលអាចរងគ្រោះខ្លាំងជាងគេ៕