(វ៉ាស៊ីនតោន)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ អោយដឹងថា សេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានព្រមាន កូរ៉េខាងជើង ពី «ផលវិបាក» ប្រសិនបើហ៊ានលក់អាវុធឱ្យរុស្ស៉ី សម្រាប់សង្រ្គាមឈ្លានពានរបស់ លោក ពូទីន ប្រឆាំងនឹងអ៊ុយក្រែន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបង្ហើបឱ្យដឹងថាទីក្រុងព្យុងយ៉ាងកំពុង ស្ថិតនៅក្នុងកិច្ចចរចា ស្ដីពីកិច្ចព្រមព្រៀងអាវុធជាមួយទីក្រុងមូស្គូ។
ទីប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក Jake Sullivan បាននិយាយថាសហរដ្ឋអាមេរិកជឿជាក់ ថាកិច្ចចរចារវាងកូរ៉េខាងជើង និងរុស្ស៉ី មានភាពជឿនលឿន ទៅមុខយ៉ាងសកម្ម។ លោក Sullivan បានគូសបញ្ជាក់ដូច្នេះថា «ការផ្ដល់អាវុធឱ្យរុស្ស៉ី យកទៅប្រើប្រាស់នៅលើសមរភូមិដើម្បីវាយប្រហារ លើឃ្លាំងស្ដុក ធញ្ញជាតិ និងហេដ្ឋារចសម្ព័ន្ធកម្ដៅនៅតាមទីក្រុងធំៗ ខណៈយើងកំពុងឆ្ពោះទៅរក រដូវរងា ព្រមទាំងដើម្បីដណ្ដើមយកទឹកដីដែលជាកម្មសិទ្ធរបស់ រដ្ឋអធិបតេយ្យមួយ មិនមែនជារឿង ល្អសម្រាប់កូរ៉េខាងជើងនោះទេហើយពួកគេនឹងត្រូវតបស្នងមកវិញនូវតម្លៃមួយយ៉ាងស័ក្តិសមពីសហគមន៍អន្តរជាតិ ចំពោះរឿងមួយនេះ (ប្រសិនបើហ៊ានលក់អាវុធឱ្យរុស្ស៉ី)»៕