អឺរ៉ុប កូរ៉េ ទីម័រ និងអាមេរិក ជាភ្ញៀវបរទេសដែលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ទទួលជួបលើក ដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី


(ភ្នំពេញ)៖ បន្ទាប់ពីការចេញដំណើរជាផ្លូវការដោយការបើកកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដំបូងកាល​ពី​ថ្ងៃ​ទី២៤ ខែសីហា កាលពីសប្តាហ៍មុនហើយនោះ នៅថ្ងៃចន្ទ ទី២៨ ខែសីហា នេះ ប្រមុខរាជរដ្ឋា​ភិបាលថ្មីរបស់កម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានចាប់ផ្តើមរបៀបវារៈ​ការ​ងាររបស់ខ្លួន។

របៀបវារៈការងារថ្ងៃដំបូងរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត មានរហូតដល់ទៅ៥កម្មវិធី រវល់​តាំងពីព្រលឹម ទល់ព្រលប់តែម្តង។ កម្មវិធីទី១សម្រាប់ថ្ងៃនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត រួមនិងឧត្តមភរិយា បានអញ្ជើញថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងព្រះមហាក្សត្រី យាងទៅ​ពិនិត្យ​ព្រះរាជសុខភាពនាទីក្រុងបេកាំង ប្រទេសចិន។

បន្ទាប់ពីថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ និងព្រះមហាក្សត្រីនៅឯព្រលានយន្តហោះអន្តរជាតិ​ភ្នំពេញ​​ហើយនោះ ឯកឧត្តមបណ្ឌិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានធ្វើដំណើរឆ្ពោះមកកាន់​វិមាន​​សន្តិភាព ដើម្បីជួបភ្ញៀវបរទេស។ ថ្ងៃនេះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានជួបភ្ញៀវ​បរទេសជា បន្តបន្ទាប់រហូតដល់ទៅ៤ភ្ញៀវ។

ភ្ញៀវបរទេសដែលទទួលបានការស្វាគមន៍ជាលើកដំបូងពីប្រមុខរាជរដ្ឋាភិបាលថ្មីរបស់កម្ពុជា រួមមាន៖ ១) លោកស្រី ម៉ារីយា ដែល ខាមេន ម៉ូរេណូ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំ​កម្ពុជា ដែលចប់អាណត្តិ, ២) លោក ឆុង វ៉ាងគឺន រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀង និងកិច្ចការ​ជន​បទ​របស់កូរ៉េខាងត្បូង, ៣) លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្រ​ប​សម្រួល​កិច្ចការសេដ្ឋកិច្ច និងជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថានរបស់ទីម័រខាងកើត និង៤) គណៈប្រតិភូមន្ត្រីព្រឹទ្ធសភាអាមេរិក ដឹកនាំដោយលោក អាឡិច ខាន ក្រឡាបញ្ជីនៃក្រុម​ភាគ​ច្រើន​របស់អនុគណ:កម្មាធិការស្តីពីប្រតិបត្តិការរបស់រដ្ឋ និងបរទេស និងកម្មវិធីពាក់ព័ន្ធនានា របស់គណ: កម្មាធិការគ្រប់គ្រង និងបែងចែកថវិកាជាតិរបស់ព្រឹទ្ធសភាអាមេរិក។

ក្នុងជំនួបទាំង៤នេះ ភ្ញៀវបរទេសទាំងអស់សុទ្ធតែបានបង្ហាញការសាទរជូនចំពោះឯកឧត្តមកិត្តិ​ទេសា​ភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត ដែលទទួលបានការគាំទ្រជានាយករដ្ឋមន្ត្រីកម្ពុជា។ ភ្ញៀវបរទេសជាមិត្ត ក៏បានបង្ហាញជំនឿចិត្តរបស់ពួកគេផងដែរថា ក្រោមការដឹកនាំរបស់​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជាអភិវឌ្ឍន៍ រីកចម្រើនលូតលាស់កាន់តែខ្លាំងបន្ថែមទៀត។

ក្រៅតែពីបានបង្ហាញការសាទរចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ហើយនោះ ក្នុងជំនួប​ទាំង​៤នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងភ្ញៀវជាមិត្ត ក៏បានបង្ហាញជំហពង្រឹងកិច្ចសហប្រតិ​បត្តិការលើវិស័យនានាឱ្យកាន់តែល្អប្រសើរផងដែរ។

ខាងក្រោមនេះ ជាខ្លឹមសារលំអិតនៃជំនួបនីមួយៗ៖

១៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត និងសហភាពអឺរ៉ុប ប្តេជ្ញាបន្តជំរុញ និងលើក កម្ពស់កិច្ចសហប្រតិបត្តិការ កម្ពុជានិងសហភាពអឺរ៉ុប ឱ្យកាន់ជិតស្និទ្ធ
http://fna.asia/a7f8dac

២៖ មន្ត្រីជាន់ខ្ពស់របស់កូរ៉េខាងត្បូង ជឿថាកម្ពុជាកាន់តែរីកចម្រើន ក្រោមការដឹកនាំរបស់ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត
http://fna.asia/d213b10

៣៖ មន្ត្រីជាន់ខ្ពស់ទីម័រខាងកើត ជឿជាក់ថាការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងធ្វើ ឱ្យកម្ពុជាកាន់តែរីកចម្រើន
http://fna.asia/e2abf7a

៤៖ នាយករដ្ឋមន្ត្រីកម្ពុជា ទទួលជួបគណៈប្រតិភូព្រឹទ្ធសភាអាមេរិក
http://fna.asia/e508ee9