ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ប្ដេជ្ញាខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋដោយភក្ដីភាព និងតម្លាភាព ពេលកាន់តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ


(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ត្រូវបានប្រកាសឲ្យចូលកាន់តំណែង ជាអគ្គស្នង ការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០២៣នេះ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាង ឯកឧត្តម អភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ក្រោយទទួលបានអនុក្រឹត្យ និងត្រាជាស្នងការនគរបាលរាជធានីភ្នំពេញភ្លាម លោកឧត្តមសេនីយ៍ ទោ ជួន ណារិន្ទ បានឡើងធ្វើការប្ដេជ្ញាចិត្តពោរពេញទៅដោយភាពជឿជាក់ និងម៉ឺងម៉ាត់ ក្នុង តំណែងជាស្នងការនគរបាលរាជធានីភ្នំពេញ។

ដើម្បីតបស្នងសងគុណចំពោះថ្នាក់ដឹកនាំ គ្រប់ថ្នាក់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការ នគរបាលរាជធានីភ្នំពេញ សូមធ្វើការប្ដេជ្ញាចិត្ត ប្រកបដោយការទទួលខុសត្រូវ ខ្ពស់ចំពោះតួនាទី របស់លោក ដូចខាងក្រោម៖

*ទី១៖ ស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ

*ទី២៖ ការពារដាច់ខាតរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូតចេញពីឆន្ទៈរាស្ត្រ និងចូលរួមអនុវត្ត ឲ្យ បានសម្រេចជោគជ័យនូវគ្រប់កម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណគ្រប់ដំណាក់កាល របស់រាជរដ្ឋាភិបាល ជាពិសេសរក្សាការពារឲ្យបានស្ថិតស្ថេរ គង់វង្សនូវសុខសន្តិភាព ស្ថិរភាពន យោបាយ និងសមិទ្ធផលនានាដែល រាជរដ្ឋាភិបាលខិតខំកសាងតាំងពីបាតដៃទទេរ រហូតមកទល់ បច្ចុប្បន្ន និងទៅថ្ងៃអនាគត

*ទី៣៖ គោរព និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមច្បាប់ បទបញ្ញត្តិ បទបញ្ជា និងគោលការណ៍នានារបស់ ថ្នាក់ ដឹកនាំគ្រប់ថ្នាក់ ជាពិសេសបទបញ្ជា ០០៦ របស់កងកម្លាំងនគរបាលជាតិ

*ទី៤៖ ដឹកនាំមន្ត្រីក្រោមឱវាទប្រកបដោយគុណធម៌ បង្កើនចំណងសាមគ្គីភាពផ្ទៃក្នុងឲ្យបានរឹងមាំ រួមសុខ រួមទុក្ខជាមួយមន្ត្រីគ្រប់កាលៈទេសៈ។ ទន្ទឹមនោះ ខិតខំលើកកម្ពស់គុណភាពមន្រ្តី ទាំង សមត្ថភាពជំនាញ វិន័យ សីលធម៌វិជ្ជាជីវៈ សេចក្ដីថ្លៃថ្នូរ សំដៅលើកស្ទួយកិត្តិយស និងកិត្យានុភាព របស់កងកម្លាំងនគរបាលជាតិ

*ទី៥៖ តម្កល់ផលប្រយោជន៍អង្គភាពខ្ពស់ ដោយខិតខំបន្តកសាងសមិទ្ធផលនានាចំណុះស្នងការ ដ្ឋាន ឲ្យស័ក្តិសមជាបង្អែកផ្នែកសន្តិសុខយ៉ាងរឹងមាំ សម្រាប់ប្រជាពលរដ្ឋគ្រប់រូប

*ទី៦៖ បង្កើនកិច្ចសហការជិតស្និទ្ធជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធនានា ក៏ដូចជាបណ្តាខេត្តជាប់ ព្រំប្រទល់ ដើម្បីការពារធានារក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម

*ទី៧ លើកកម្ពស់ការងារអនុវត្តគោលនយោបាយ «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ដោយខិតខំជំរុញ ការផ្តល់សេវាតម្រូវការចាំបាច់ សេវាផ្នែកសន្តិសុខ ទាំងផ្លូវកាយ និងផ្លូវចិត្តជូនប្រជាពលរដ្ឋដោយ ភក្តីភាព និងមាន តម្លាភាព សំដៅបង្កើនភាពកក់ក្តៅ និងជំនឿជឿជាក់របស់ប្រជាពលរដ្ឋ មកលើការ ដឹកនាំរបស់រាជរដ្ឋាភិបាល៕