ព្រឹកថ្ងៃនេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជួបកម្មករជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ ជាវេទិកាសារធារណៈលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រី


(ភ្នំពេញ)៖  បន្ទាប់ពីរាជរដ្ឋាភិបាលនីតិកាលថ្មី ត្រូវបានបង្កើតរួចរាល់​ហើយ​នោះ ឯកឧត្តមកិត្តិ ទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដ៏មានប្រជាប្រិយភាព​របស់​កម្ពុជា ក៏បានដាក់ ចេញនូវរបៀបវារៈការងាររបស់ខ្លួនជាបន្តបន្ទាប់ប្រកបដោយ​ភាពស្វា​ហាប់ និងការទទួលខុសត្រូវ ខ្ពស់។ ឯកឧត្តមបណ្ឌិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានវ័យ​៤៥ឆ្នាំ ក៏បាន​ដាក់ចេញ​ការ​ងារចុះជួបមហាជនភ្លាមៗផងដែរ។

កម្មវិធីជួបមហាជនដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចុះជួបនៅថ្ងៃអង្គារ ១៣​កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០​២​៣​នេះ គឺជាកម្មករ និយោជិត ដែលកំពុងបម្រើការងារនៅតាមបណ្តារោង​ចក្រសហ​គ្រាស​នានា​ ក្នុង​រាជធា នីភ្នំពេញសរុបជិត ២ម៉ឺននាក់។ ជំនួបសំណេះសំណាលនឹងត្រូវធ្វើឡើង​នៅ​តំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រាប់ឱ្យដឹងថា កម្មករ និយោជិត ដែលឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញជួប​សំណេះសំណាល មានចំនួន ១៨,០១៣នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យចំនួន១២ និងខណ្ឌកំបូលចំនួន១។ ក្នុងនោះស្ត្រីមានផ្ទៃពោះ មានចំនួន៨៤៤នាក់។

ក្នុងវិស័យឧស្សាហកម្មផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល​ធ្វើ​ដំណើរ​ និងកាបូប ជាវិស័យមួយដែលបានស្រូបទាញកម្លាំងពលកម្មយ៉ាងច្រើន នៅក្នុងប្រទេស​កម្ពុជា​។ រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិចាស់ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ បានផ្តល់ការ យកចិត្តទុកដាក់ខ្ពស់លើវិស័យនេះ ជាពិសេសសុខទុក្ខរបស់កម្មករ និយោជិត ដែល​​ជា​ប្រតិបត្តិករ​ដ៏សកម្មនោះ។

ក្នុងអាណត្តិទី៥ និងទី៦ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចុះជួបកម្មករ និយោជិតចំនួន​ពីរ​ជុំ។ ជុំទី១ ពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៩ ដោយជួប​កម្មករ និយោ ជិតចំនួន ៧៧លើក មានកម្មករ និយោជិតចូលរួមសរុបប្រមាណ ១លាននាក់។ ជុំទីពីរ សម្តេចតេ ជោ បានចាប់ផ្តើមជួបកម្មករ និយោជិតចាប់ពីថ្ងៃទី២២ ខែឧសភា ដល់ថ្ងៃ​ទី៣០ ខែមិថុនា ឆ្នាំ២០២៣ មានចំនួន ១៩លើក មានកម្មករ និយោជិតចូលរួមជិត ៣៤ម៉ឺន​នាក់។ ក្នុងជំនួបទាំងពីរជុំនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញអនុសាសន៍ជាច្រើន សុទ្ធសឹងជា ការផ្តល់ និងធានាការពារនូវអត្ថប្រយោជន៍របស់កម្មករ និយោជិត។

សម្រាប់នីតិកាលថ្មីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយឯកឧត្តមកិត្តិទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត នៅតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើវិស័យឧស្សាហកម្មផ្នែកវាយ​ន​ភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល​ធ្វើ​ដំណើរ​ និងកាបូប។

ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលប្រកាសដោយឯកឧត្តមកិត្តិទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត ក្នុងសម័យប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងនាថ្ងៃទី២៤ ខែសីហា ឆ្នាំ​២០​២៣ ក៏បាន ដាក់ចេញគោលដៅយុទ្ធសាស្ត្របង្កើតការងារឱ្យបានកាន់តែច្រើន ទាំងបរិមាណ និងគុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជនផងដែរ។

បន្ថែមពីលើនោះ ក្នុងមុំយុទ្ធសាស្ត្របញ្ចកោណទី៣ រាជរដ្ឋាភិបាល ក៏បានបង្ហាញពីការយកចិត្ត​ទុក​ដាក់​លើ​ការ​​អភិវឌ្ឍវិស័យឯកជន និងការងារ។ ក្នុងមុំទី៣ នៃយុទ្ធសាស្ត្របញ្ចកោណនេះ រាជ​រដ្ឋាភិបាល បន្តផ្តោតលើកិច្ចការអាទិភាពចំនួន៥ រួមមាន៖

១៖ ការអភិវឌ្ឍទីផ្សារការងារ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការជំរុញការអភិវឌ្ឍ​ទីផ្សារ​​​ការងារ តាមរយៈការបង្កើត, ការរក្សា និងការបង្កើនការងារដល់កម្មករ-និយោជិត, ទាំង​ក្នុង​ប្រព័ន្ធ និងក្រៅប្រព័ន្ធ, សំដៅបង្កើនប្រាក់ចំណូល, ទ្រទ្រង់ជីវភាពសមរម្យ និងកាត់បន្ថយ​ភាព​ក្រីក្រ របស់ប្រជាជន។

២៖ ការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម, ធុរកិច្ចថ្មី, សហគ្រិនភាព និងការអភិ​វឌ្ឍ​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តជំរុញការអភិវឌ្ឍបរិយា​កាស​​អំណោយផល ដល់សហគ្រាសធុនមីក្រូ តូច និង មធ្យម និងធុរកិច្ចថ្មី ឱ្យរីកលូតលាស់, ធន់​នឹងវិបត្តិ និងមាននវានុវត្តន៍ ដែលរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារ ព្រម​ទាំងការ អភិវឌ្ឍវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្លងអន្តរកាលចូលទៅក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធ។

៣៖ ការពង្រឹងភាពជាដៃគូ វិស័យសាធារណៈ និងវិស័យឯកជន ដែលមានគោលដៅយុ​ទ្ធ​សា​ស្ត្រ ផ្តោតលើការបន្តពង្រឹងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលជាយន្តការមិនអាចខ្វះ​បាន និង​មាន ប្រសិទ្ធភាព ក្នុងការគាំទ្រពិពិធកម្ម និងកំណើន, និងការបន្តពង្រឹងការគ្រប់គ្រង​ហានិ​ភ័យ​នៃ​កាតព្វ កិច្ចបំណុលជាយថាហេតុ ចំពោះការអនុវត្តគម្រោងការវិនិយោគសាធារណៈ ក្រោម​យន្ត​ការភាព ជាដៃគូរវាងរដ្ឋ និងឯកជន។

៤៖ ការពង្រឹងការប្រកួតប្រជែង ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើ ការបន្តជំរុញការ​ប្រកួត​ប្រជែងស្មើភាព តាមរយៈការបន្តបង្កើតបរិយាកាសធ្វើធុរកិច្ចដោយស្មើភាព, គ្មានការ​រើស​អើង, តាមនីតិវិធីដោយយុត្តិធម៌ និងស្របតាមអភិក្រម «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» សំដៅ​រួម​ចំណែក ដល់ការបង្កើតមុខទំនិញ និងសេវាកម្មថ្មីៗ និងការបង្កើនផលិតភាព និងប្រសិទ្ធ​ភាព​សេដ្ឋកិច្ច កម្ពុជា។

៥៖ ការពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដែលមានគោលដៅយុទ្ធ​សាស្ត្រ​ផ្តោតលើការបន្តពង្រឹងប្រព័ន្ធធនាគារ និងវិស័យហិរញ្ញវត្ថុមិនមែន ធនាគារ ឱ្យកាន់តែ​មាន​ស័ក្តិសិទ្ធ ភាព, ភាពធន់នឹងវិបត្តិ, បរិយាប័ន្ន, ពិពិធភាព និងភាពទំនើប តាមរយៈការបន្ត​អភិវឌ្ឍ​ក្របខ័ណ្ឌ គតិយុត្ត, ជំរុញភាពស៊ីជម្រៅហិរញ្ញវត្ថុ, ពង្រឹងសមត្ថភាព ស្ថាប័ន និង អក្ខរកម្ម​ហិរញ្ញ​វត្ថុ, និង លើក ស្ទួយឌីជីថលភាវូបនីយកម្ម ក្នុងវិស័យហិរញ្ញវត្ថុ។

តាមរយៈការចាប់យកកិច្ចសំណេះសំណាលជាមួយកម្មករ និយោជិតក្នុងវេទិកាមហាជនជាលើក​ដំបូងក្នុងរបៀបវារៈការងាររបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គឺជាការស្តែង​ឱ្យឃើញថា រាជរដ្ឋាភិបាលនីតិកាលថ្មី នៅតែបន្តការយកចិត្តទុកដាក់ខ្ពស់លើវិស័យឧស្សាហ​កម្ម ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផល​ធ្វើ​ដំណើរ​ និងកាបូប ដែលជា វិស័យផ្តល់ការងារបានយ៉ាងច្រើនសម្រាប់ប្រជាពលរដ្ឋកម្ពុជា។

សូមបញ្ជាក់ថា ការបង្ហាញមុខជាលើកដំបូងរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា លើវេទិកាមហាជននេះ នឹងមានការផ្សាយផ្ទាល់តាមបណ្តាញ ផ្សព្វផ្សាយក្នុងស្រុក ក៏ដូចជាបណ្តាញផ្សព្វផ្សាយជាតិ និងឯកជនជាច្រើនផ្សេងទៀត៕