(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់របស់ប្រទេសទីម័រខាងកើត បានបង្ហាញជំនឿចិត្តថា
ប្រទេសកម្ពុជា នឹង បន្តការរីកចម្រើនទៅមុខថែមទៀត
ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ជំនឿចិត្តរបស់មន្ត្រីជាន់ខ្ពស់របស់ប្រទេសទីម័រខាងកើត
បានស្តែង ឡើងក្នុងពេលជួបជជែកការងារជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត
នៅ រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣នេះ នៅវិមានសន្តិភាព។
យោងតាមបណ្តាញសង្គមផ្លូវការងាររបស់ឯកឧត្តមបណ្ឌិតប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនោះ លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ (Francisco Kalbuadi Lay) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសេដ្ឋកិច្ច និងជារដ្ឋ មន្ត្រីក្រសួងទេសចរណ៍ និងបរិស្ថានរបស់ទីម័រ ខាងតកើត បានសម្តែងការអបអរសាទរជូនចំពោះឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ដែលត្រូវបាន ជ្រើសតាំងជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ មន្ត្រីជាន់ខ្ពស់របស់ប្រទេសទីម័រខាងកើតរូបនេះ ក៏បានបង្ហាញមោទនភាព ដែលលោកស្ថិតក្នុង ចំណោមឥស្សរជនអន្តរជាតិដំបូងត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត។
យោងតាមបណ្តាញសង្គមផ្លូវការរបស់ឯកឧត្តមបណ្ឌិតនាយករដ្ឋមន្ត្រី បានឱ្យដឹងទៀតថា លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ ក៏បានថ្លែងអំណរគុណ និងកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅ ចំពោះកិច្ច ខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ដែលតែងបានជួយ និងផ្តល់ការគាំទ្រដល់ប្រទេសទីម័រខាង កើតនាពេលកន្លងមក។ ជាពិសេសការជួយឱ្យប្រទេសទីម័រខាងកើត ក្លាយជាប្រទេសអង្កេតការនៅ ក្នុងអាស៊ានទី១១ និងការបញ្ចុះបញ្ចូលសមាជិកអាស៊ានផ្សេងទៀតឱ្យគាំទ្រប្រទេសទីម័រខាងកើត សម្រាប់ការចូលរួមជាសមាជិកអាស៊ានផងដែរ។ មន្ត្រីជាន់ខ្ពស់របស់ទីម័រខាងកើតរូបនេះ ក៏បាន សម្តែងជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នឹងធ្វើឱ្យ ប្រទេសកម្ពុជាកាន់តែអភិវឌ្ឍឈានទៅមុខមួយកម្រិតថែមទៀត។
ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិតបានគូសរំលេចអំពីទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្តរវាងប្រទេសទាំងពីរ ដែលបានចាប់ផ្តើមនាឆ្នាំ២០០២ និងបានសម្រេចជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ជាពិសេស នៅក្នុងឆ្នាំ២០២២ នៅពេលដែលកម្ពុជា ជាប្រធានអាស៊ាន។ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ក៏បានបង្ហាញអំពីការបន្តរក្សាជំហរក្នុងការគាំទ្របេក្ខភាពរបស់ប្រទេសទីម័រខាងកើតនៅក្នុងអាស៊ាន, អង្គការពាណិជ្ជកម្មពិភពលោក ក៏ដូចជានិម្មាបនកម្មតំបន់ និងសកលដទៃទៀត។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ក៏បានលើកឡើងអំពីបទពិសោធន៍នៃដំណើរការនៃការកសាងជាតិរបស់កម្ពុជា ដែលជាដំណើរមួយដ៏លំបាក ហើយបរិការណ៍របស់ប្រទេសទីម័រខាងកើតនាបច្ចុប្បន្ន ក៏មិនខុសពីអ្វីដែលកម្ពុជាបានឆ្លងកាត់កន្លងមកនោះដែរ។
ក្នុងជំនួបខាងលើនេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានផ្តាំផ្ញើសួរសុខទុក្ខនាយករដ្ឋមន្ត្រី ប្រទេសទីម័រខាងកើត និង សូមអរគុណចំពោះលិខិតអបអរសាទរដ៏មានអត្ថន័យ ជូនឯកឧត្តមកិត្តិ ទេសាភិបាលបណ្ឌិត ក្នុងឱកាសជ្រើសតាំងជានាយករដ្ឋរបស់កម្ពុជា។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត សង្ឃឹមថា នឹងអាចជួបដោយផ្ទាល់ជាមួយឯកឧត្តមនាយករដ្ឋមន្ត្រី ទីម័រខាងកើត នៅទីក្រុងហ្សាកាតា នៅកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខនេះ។ ក្នុងជំនួបនេះ លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ ក៏បា ស្ញើចសរសើរចំពោះមិត្តភាពរវាងប្រទេសទីម័រខាងកើត និងកម្ពុជា ព្រោះនៅក្នុងស្ថានភាពដ៏លំបាកបំផុត ទើបអាចស្វែងរកមិត្តភក្តិដ៏ពិតប្រាកដបាន។ ដោយផ្អែក ទិដ្ឋភាពសេដ្ឋកិច្ច, ទិដ្ឋភាពវប្បធម៌ និងទិដ្ឋភាពប្រវត្តិសាស្រ្ត, ប្រជាជន និង រដ្ឋាភិបាល នៃប្រទេសទីម័រខាងកើត នឹងចងចាំមិនភ្លេចឡើយនូវមិត្តភាពដ៏ប្រពៃនេះ។ ក្នុងនាមប្រជាជន និង រដ្ឋាភិបាលទីម័រខាងកើត លោក ហ្វ្រាន់ស៊ីសស្កូ កាប៊ុលឌី ឡៃ បានគោរពអញ្ជើញឯកឧត្តមកិត្តិទេសា ភិបាលបណ្ឌិត ធ្វើដំណើរទស្សនកិច្ចទៅកាន់ទីម័រខាងកើតនាពេលខាងមុននេះ៕