នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត កោតសរសើរដល់អាជ្ញាធរ និងកងកម្លាំងដែលបង្ក្រាបបានក្រុមឧក្រិដ្ឋ ជនរំដោះអ្នកទោស និងអ្នកទោសមេក្លោងគ្រឿងញៀនត្រឡប់មកវិញ


(ភ្នំពេញ)៖ តាមរយៈបណ្តាញទំនាក់ទំនងសង្គម Telegram និង Facebook ផ្លូវការ ឯកឧត្តមកិត្តិ ទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរដល់អាជ្ញាធរ និង កងកម្លាំងចម្រុះគ្រាប់លំដាប់ថ្នាក់ ដែលបង្ក្រាបបានក្រុមឧក្រិដ្ឋជនរំដោះអ្នកទោស និងចាប់ខ្លួនអ្នក ទោសមេក្លោងគ្រឿងញៀនដែលរត់គេចត្រឡប់មកវិញ។

ឯកឧត្តមនាយករដ្ឋមន្ត្រី បានបង្ហោះសារដូច្នេះថា «សូមកោតសរសើរ និងថ្លែងអំណរគុណដល់ អាជ្ញាធរ និងកងកម្លាំងចម្រុះគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចរបស់ខ្លួន ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ រហូតអាចស្វែងរកឃើញ និងចាប់បានជាបន្តបន្ទាប់ នូវក្រុមឧក្រិដ្ឋជនរំដោះអ្នក ទោស ដែលជាមេក្លោងគ្រឿងញៀន កាលពីថ្ងៃទី១៧ សីហា ២០២៣ កន្លងទៅ នៅក្នុងខេត្តសៀមរាប ។ ជាលទ្ធផល ទាំងក្រុមឧក្រិដ្ឋជន និងទាំងពិរុទ្ធជនគ្រឿងញៀន ដែលត្រូវបានរំដោះ ក៏ត្រូវបានចាប់ ខ្លួនត្រឡប់មកវិញ នាថ្ងៃទី២៣ សីហា ២០២៣ នេះ ។

ជោគជ័យនៃបេសកកម្មដ៏មានសារៈសំខាន់នេះ គឺជាការអនុវត្តភារកិច្ច និងការចូលរួមចំណែកធានា ការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ដែលជា «កិច្ចការអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល សំដៅថែរក្សាសុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្ត ក្នុងការរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែ ល្អប្រសើរ»។

 សូមជម្រាបថា មេក្លោងអ្នកទោសគ្រឿងញៀន ដែលត្រូវបានខ្មាន់កាំភ្លើង មានអង្គការចាត់តាំង ច្បាស់លាស់ សម្រុកចូលខ្លួនរំដោះ នៅគ្លីនិចធ្មេញ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃ ទី១៧ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ត្រូវបានកម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ ស្រាវជ្រាវ តាមចាប់ខ្លួន រួមជាមួយបក្ខពួកត្រឡប់មកវិញ សរុបចំនួន១១នាក់។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ ស្នងការរងនគរបាលជាតិ បានថ្លែងក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃ ទី២៣ ខែសីហា ឆ្នាំ២០២៣បញ្ជាក់ឱ្យដឹងថា មេក្លោងឧក្រិដ្ឋជនជនជាតិចិន ដែលចាប់ខ្លួនបាន ត្រឡប់មកវិញឈ្មោះ CHEN HSIN HAN មុនពេលប្លន់រំដោះត្រូវបានតុលាការខេត្តសៀមរាប ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេលជាង ៥០ឆ្នាំ ពីបទ «ជួញដូរគ្រឿងញៀន»។ ក្រុមឧក្រិដ្ឋជនទាំងអស់នេះ មានចម្រុះជាតិសាសន៍ ក្នុងនោះមាន ជនជាតិចិនតៃវ៉ាន់, ខ្មែរអាមេរិក និងតួកគី។ ទម្រាំធ្វើសកម្មភាពរំដោះអ្នកទោសនេះ ក្រុមឧក្រិដ្ឋជនដែលមានអង្គការចាត់តាំងច្បាស់ លាស់នេះ បានរៀបចំផែនការត្រៀមធ្វើសកម្មភាពរយៈពេល២ខែមកហើយ ពោលរៀបចំផែនការ តាំងពីនៅសហរដ្ឋអាមេរិកមកម្ល៉េះ ហើយពួកគេបានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ដើម្បីពិនិត្យ ទីតាំងភូមិសាស្ដ្ររយៈពេលកន្លះខែមកហើយ៕