នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្តេជ្ញាអនុវត្តឱ្យបានដាក់ខាត បណ្តាំរបស់សម្តេចតេជោ ហ៊ុន សែន «ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឲ្យខានតែបាននូវសន្តិភាព ដើម្បីធានា ដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន»


(ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣នេះ មុនពេលដែលត្រូវដឹកនាំកិច្ចប្រជុំ លើកដំបូងនៃគណៈរដ្ឋមន្ត្រី ក្នុងតួនាទីជានាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហោះនូវខ្លឹមសារបណ្តាំរបស់ឪពុក គឺសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋ មន្ត្រីនៃកម្ពុជា។ជាមួយគ្នានេះ ក្នុងឋានៈជានាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថាឯកឧត្តមចងចាំជានិច្ច និងប្តេជ្ញាអនុវត្តឱ្យបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ នូវបណ្តាំរបស់សម្តេចតេជោ ហ៊ុន សែន។

បណ្តាំរបស់សម្តេចតេជោនោះ គឺ «ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារ ឲ្យខានតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន»។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហោះរូបថតសំពះសម្តេចតេជោ អមជាមួយខ្លឹមសារយ៉ាងដូច្នេះ ថា «បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តអោយបានដាច់ខាតនៅក្នុងគ្រប់ កាលៈទេសៈ៖ “ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់ កម្ពុជាកូនត្រូវតែការពារឲ្យខានតែបាននូវ សន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ និង ភាពសុខសាន្តរបស់ប្រជាជន”»៕