កូរ៉េខាងជើង បរាជ័យជាលើកទី២ ក្នុងការបាញ់បង្ហោះ ផ្កាយរណបស៊ើបការណ៍


(សេអ៊ូល)៖ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ ងារសារព័ត៌មាន AFP អោយដឹងថា កូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហានេះ បាន និយាយថាការប៉ុនប៉ងជាលើកទី២ ក្នុងការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍មួយទៅកាន់ គន្លង តាវិថី បានទទួលបរាជ័យសាជាថ្មី ៣ខែបន្ទាប់ពីការប៉ុនប៉ងលើកទី១បានបរាជ័យ ដោយគ្រាប់រ៉ុក្កែត និងផ្កាយរណបបានធ្លាក់ចូលទឹកសមុទ្រ មួយសន្ទុះក្រោយការ បាញ់បង្ហោះ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានបញ្ជាក់ថារដ្ឋបាលអភិវឌ្ឍទីអវកាសជាតិ (NADA) របស់កូរ៉េខាងជើងបានដឹកនាំការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ ម៉ាលីយ៉ុង-១ (Malligyong-1) ជាលើកទី២ នៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែ ការបាញ់បង្ហោះនេះបានទទួលបរាជ័យដោយសារតែ បញ្ហាបច្ចេកទេស នៅដំណាក់កាលទី៣ នៃការផ្ដាច់ខ្លួនរបស់គ្រាប់រ៉ុក្កែត។ KCNA បន្ថែមថាបញ្ហា បច្ចេកទេសនេះមិនមែនជាបញ្ហាធំដុំអ្វីនោះទេ ដូច្នេះកូរ៉េខាងជើងនឹងព្យាយាមបាញ់បង្ហោះផ្កាយ រណប ជាថ្មីម្ដងទៀត នៅខែតុលាខាងមុខ។

គួរបញ្ជាក់ថា យោធាកូរ៉េខាងត្បូង បានឱ្យដឹងថាខ្លួនចាប់បានសញ្ញាពីការបាញ់បង្ហោះរ៉ុក្កែតទៅ កាន់ទីអវកាសនៅម៉ោង ៣៖៥០នាទីព្រលឹម នៅថ្ងៃព្រហស្បតិ៍នេះហើយ គ្រាប់រ៉ុក្កែតបានហោះលើ តំបន់សមុទ្រលឿង។ ក្រុមអ្នកជំនាញកូរ៉េខាងត្បូងកំពុងតាមស្វែងរក និងស្រង់ផ្កាយរណបកូរ៉េខាង ជើងចេញពីសមុទ្រ។ កូរ៉េខាងជើង បានជូនដំណឹងជាមុនដល់ជប៉ុនដែរពីការផែនការបាញ់បង្ហោះ ផ្កាយរណបនេះ ប៉ុន្តែសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុនសុទ្ធតែបានថ្កោលទោសការបាញ់ បង្ហោះ ផ្កាយរណបស៊ើបការណ៍នេះដោយពួកគេចាត់ទុកថាជាទង្វើបង្កអស្ថិរភាពក្នុងតំបន់៕