អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៉ីន ត្រូវផ្ទេរទៅកាន់មន្ទីរពេទ្យ

(បាងកក)៖ មន្រ្តីប៉ូលិសថៃ បានឲ្យដឹងនៅថ្ងៃពុធនេះថា អតីតនាយករដ្ឋមន្ត្រីថៃ ថាក់ស៉ីន ស៉ីណាវ៉ាត់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមួយរបស់ប៉ូលិសកាលពីយប់ថ្ងៃអង្គារ បន្ទាប់ពីមានបញ្ហាសុខភាពនៅថ្ងៃដំបូងនៃការឃុំខ្លួនរូបលោក ក្រោយត្រឡប់ចូលប្រទេសវិញ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣។

ស្ថានភាពសុខភាពរបស់លោក ថាក់ស៉ីន ដែលមានអាយុ៧៤ឆ្នាំហើយនោះនៅមិនទាន់ត្រូវបានគេដឹងច្បាស់នៅឡើយទេ។

មន្ត្រីនៃនាយកដ្ឋានកែប្រែអប់រំ របស់ប្រទេសថៃ បានឲ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា លោក ថាក់ស៉ីន មានជំងឺប្រចាំកាយដូចជាបញ្ហាសុខភាពបេះដូង សួត ឆ្អឹងខ្នង និងសម្ពាធឈាម ហើយត្រូវតែពិនិត្យយ៉ាងដិតដល់។

អ្នកនាំពាក្យរបស់អគ្គស្នងការនគរបាលជាតិ លោក ប្រាឈុប វង់ស៊ុក (Prachub Wongsuk) បាន Reuters យ៉ាងដូច្នេះថា «ពន្ធនាគារបានវាយតម្លៃឃើញថា មានការខ្វះខាតវេជ្ជបណ្ឌិត និងឧបករណ៍ពេទ្យដែលអាចមើលថែអ្នកជំងឺបាន ដូច្នេះទើប លោក ថាក់ស៉ីន ត្រូវបញ្ជូនមកកាន់មន្ទីរពេទ្យរបស់ប៉ូលិស»។ តែលោក ប្រាឈុប មិនបានបញ្ជាក់លម្អិតពីបញ្ហាសុខភាពរបស់លោក ថាក់ស៊ីនឡើយ៕