អង្គការ WTO សម្រេចថា ការដកហូតពន្ធរបស់ចិនលើទំនិញនាំចូលពីអាមេរិកមិនស្របច្បាប់


(ហ្សឺណែវ)៖ យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានប្រាប់អោយដឹងថា ក្រុមដោះស្រាយវិវាទរបស់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានរកឃើញកាលពីថ្ងៃពុធថា ចិនបានធ្វើសកម្មភាពមិន ស្របតាមកាតព្វកិច្ចរបស់ខ្លួនចំពោះអង្គការ WTOដោយបានដកហូតពន្ធបន្ថែមលើទំនិញនាំចូល មួយចំនួនពីសហរដ្ឋអាមេរិកដើម្បីឆ្លើយតបទៅនឹងពន្ធដែលអាមេរិកបានដកហូតលើដែកថែបនិងអាលុយមីញ៉ូមរបស់ខ្លួន។

ការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកបានឱ្យដឹងថា ខ្លួនពេញចិត្តនឹងសេចក្តីសម្រេចរបស់អង្គការ WTO ដោយបានបន្ថែមថា ប្រទេសចិនបាន «សងសឹកដោយខុសច្បាប់ជាមួយនឹងពន្ធបែបការ ពារ»។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ខ្លួនបាន ដឹងពីសេចក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សារបស់អង្គការ WTO ហើយបានទាមទារឱ្យសហរដ្ឋអាមេរិក បញ្ចប់ការដកហូតពន្ធភ្លាមៗលើការនាំចូលដែកថែបនិងអាលុយមីញ៉ូមរបស់ចិន។

កាលពីខែមីនា ឆ្នាំ២០១៨ សហរដ្ឋអាមេរិកបានដកហូតពន្ធ ២៥ភាគរយលើដែកថែប និង ១០ភាគ រយលើអាលុយមីញ៉ូមដែលនាំចូលពីប្រទេសចិន ដោយផ្អែកលើការស៊ើបអង្កេតសន្តិសុខជាតិតាម ច្បាប់ «Section 232» របស់រដ្ឋាភិបាលអាមេរិកក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ លើការ នាំចូលដែកថែប និងអាលុយមីញ៉ូម។

ក្រុមប្រឹក្សាដោះស្រាយជម្លោះនេះបានផ្តល់អនុសាសន៍ឱ្យប្រទេសចិនកែប្រែ «វិធានការមិនស្រប នឹងច្បាប់របស់អង្គការ WTO របស់ខ្លួនប្រែទៅជាអនុលោមភាពវិញ»។

រដ្ឋាភិបាលក្រុងប៉េកាំងអាចប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេចនេះបាន ដែលនឹងបញ្ជូនករណី នេះឱ្យក្លាយទៅជាមោឃៈដោយស្របច្បាប់ ដោយសារតែក្រុងវ៉ាស៊ីនតោនបានរារាំងការតែងតាំង មន្ត្រីទៅកាន់ស្ថាប័នបណ្តឹងឧទ្ធរណ៍របស់អង្គការ WTO ដែលបង្កឱ្យស្ថាប័ននេះគ្មានលទ្ធភាពក្នុង ការវិនិច្ឆ័យបាន។
កាលពីឆ្នាំមុន អង្គការ WTO បានសម្រេចថា ចំណាត់ការរបស់សហរដ្ឋអាមេរិកក៏បានបំពានច្បាប់ ពាណិជ្ជកម្មអន្តរជាតិផងដែរ ហើយទីក្រុងវ៉ាស៊ីនតោនក៏បានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសេចក្តីសម្រេច នេះផងដែរ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕