ស៊ុយអែត បង្កើនការប្រកាសអាសន្នចំពោះអំពើភេវរកម្ម បន្ទាប់ពីក្រុមបាតុករដុតគម្ពីគួរអាន


 (ស្តុកខម)៖  យោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ បានអោយដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់ប្រទេសស៊ុយអែត បានបង្កើន កម្រិតប្រកាសអាសន្ន ចំពោះអំពើភេរវកម្មរបស់ខ្លួននៅពីថ្ងៃព្រហស្បតិ៍នេះ ដល់កម្រិតទី៤ លើ៥ កម្រិត បន្ទាប់ពីប្រតិកម្ម ខឹងសម្បារនៅក្នុងពិភពមូស្លីម​ ចំពោះទង្វើបង្កហេតុដុតគម្ពីរគួរអាន ដែល បានធ្វើឱ្យប្រទេសនេះក្លាយជា «គោលដៅអាទិភាព»។

ប្រធានប៉ូលីសសន្តិសុខស៊ុយអែត លោក Charlotte von Essen បានប្រាប់អ្នកយកព័ត៌មានថា ហេតុផលសម្រាប់ការតម្លើងកម្រិតអាសន្នអំពើភេវរកម្មនេះ គឺដោយសារភាពយ៉ាប់យ៉ឺន នៃស្ថាន ភាពទាក់ទងនឹងការគំរាមកំហែងវាយប្រហារប្រទេសស៊ុយអែតរយៈពេលយូរ។

លោក Von Essen បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តបង្កើនកម្រិតគំរាមកំហែង មិនមែនផ្អែកលើ «ឧបទ្ទវហេតុតែមួយ» នោះទេ ប៉ុន្តែគឺនៅលើ «ការវាយតម្លៃរួម»។

ប្រទេសស៊ុយអែត រួមទាំងប្រទេសជិតខាង ដាណឺម៉ាក បានផ្ទុះនូវរលកនៃការប្រមាថជាសាធារណៈ លើគម្ពីរគួររ៉ានក្នុងប៉ុន្មានខែថ្មីៗនេះ ដែលបានបង្កឱ្យមានកំហឹង និងការថ្កោលទោសយ៉ាងទូលំ ទូលាយនៅក្នុងប្រទេសមូស្លីម។

ក្រុមបាតុករអ៊ីរ៉ាក់បានសម្រុកចូលស្ថានទូតស៊ុយអែត នៅទីក្រុងបាកដាដពីរដងក្នុងខែកក្កដា។ អង្គការសហប្រតិបត្តិការឥស្លាម ដែលមានមូលដ្ឋាននៅទីក្រុង Jeddah ក៏បានសម្តែង «ការខកចិត្ត» ជាមួយស៊ុយអែត និងដាណឺម៉ាកចំពោះការមិនចាត់វិធានការទប់ស្កាត់ ចំពោះសកម្មភាពប្រមាថ លើគម្ពីគួរអាននេះផងដែរ។

កាលពីសប្តាហ៍មុន គ្រាប់បែកឆ្នៃត្រូវបានគេបោះចោលនៅស្ថានទូតស៊ុយអែតក្នុងទីក្រុង Beirut ប៉ុន្តែវាមិនបានផ្ទុះទេ ហើយនៅចុងសប្តាហ៍នេះ ក្រុម al-Qaeda បានអំពាវនាវឱ្យមានការវាយ ប្រហារប្រឆាំង នឹងបណ្តាប្រទេសស្កាតឌីណាវៀន (Scandinavian) ទាំងនេះវិញ៕