រដ្ឋមន្ត្រីវប្បធម៌ និងរដ្ឋមន្ត្រីបរិស្ថាន ផ្សព្វផ្សាយផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ដែលស្ថិត ក្នុងតំបន់ការពារធម្មជាតិ


 (ភ្នំពេញ)៖ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ជើញផ្សព្វផ្សាយផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ ដែលស្ថិតក្នុង តំបន់ការពារធម្មជាតិ។ ខណៈដែលក្រសួងបរិស្ថាន និងក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ បានរកឃើញតំបន់ការពារធម្មជាតិចំនួន ២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌ នៃតំបន់ការពារធម្មជាតិទាំង ៧៣កន្លែង។

ពិធី «ផ្សព្វផ្សាយផែនទីកំណត់ទីតាំងបេតិកភណ្ឌវប្បធម៌ដែលស្ថិតក្នុង តំបន់ការពារធម្មជាតិ»  បានធ្វើឡើងនៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងបរិស្ថាន។

ថ្លែងទៅកាន់អង្គពិធី លោកជំទាវ ភឿង សកុណា បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រសួងទាំង២ ក្នុងគោលបំណងចូលរួមថែរក្សា ការពារ និង អភិរក្សតំបន់បេតិកភណ្ឌវប្បធម៌ ដែលមានទីតាំងស្ថិតក្នុងតំបន់ការពារធម្មជាតិ និងជាតឹងតាង ប្រវត្តិសាស្រ្ត អរិយធម៌ វប្បធម៌ ប្រពៃណីទំនៀមទំលាប់សាសនា និងព្រលឹងដូនតា បុព្វបុរសខ្មែរ តាំងពីសម័យបុរេប្រវត្តិមកម្ល៉េះ ។

ជាមួយគ្នានេះដែរ លោកជំទាវ ភឿង សកុណា ក៏បានស្នើឱ្យមានកិច្ចសហការគ្នាជាបន្តលើការងារ ថែរក្សាការពារបេតិកភណ្ឌវប្បធម៌ដែលមានក្នុងតំបន់ការពារធម្មជាតិដោយត្រូវសហការសិក្សាស្រាវជ្រាវ កំណត់ព្រំប្រទល់ការពារ បោះបង្គោលព្រំ និងជួយអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍មូលដ្ឋាន។

លោក សេង សោត អគ្គនាយករង នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិក្រសួងបរិស្ថាន បាន បញ្ជាក់ថា សមិទ្ធផលដ៏ត្រចះត្រចង់ អាចលេចចេញជារូបរាងបាននាពេលនេះ ក៏ដោយសារតែ គំនិតផ្តួចផ្តើម ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ការចង្អុលបង្ហាញ និងការណែនាំរបស់ ឯកឧត្តម រដ្ឋមន្ត្រី សាយ សំអាល់ និងមានកិច្ចសហការល្អពីក្រុមការងារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបានធ្វើការយ៉ាងជិតស្និតជាមួយគ្នា ប្រកបដោយស្មារតី ទទួលខុសត្រូវ និងតម្កល់ផលប្រយោ ជន៍ជាតិជាធំ។

សូមបញ្ជាក់ថា នៅក្នុងចំណោមតំបន់ការពារធម្មជាតិទាំង ៧៣កន្លែង ក្រុមការងារបានរកឃើញ តំបន់ការពារធម្មជាតិចំនួន២៧កន្លែង ដែលមានទីតាំងបេតិកភណ្ឌវប្បធម៌ ដោយមិនរាប់បញ្ចូល តំបន់ការពារទេសភាពអង្គរ តំបន់ការពារទេសភាពព្រះវិហារ និងតំបន់ការពារទេសភាពសម្បូរ ព្រៃគុក ដែលមានព្រះរាជក្រឹត្យ និងមានអង្គភាពគ្រប់គ្រងដោយឡែករួចទៅហើយ។ សំខាន់ជានេះទៅទៀត ក្រុមការងារបានរកឃើញចំនួនទីតាំងបេតិកភណ្ឌវប្បធម៌ នៅតាមតំបន់ការ ពារធម្មជាតិមួយចំនួន ដូចបានគោរពជម្រាបជូនខាងលើ មានចំនួនកើនឡើង បើប្រៀបធៀបជា មួយទិន្នន័យដែលបាន ស្រាវជ្រាវ និងធ្វើការផ្សព្វផ្សាយកន្លងមក ដោយសាលាបារាំងចុងបូព៌ា (Ecole Francaise Extreme- Orient)។ ជាក់ស្តែង ក្រុមការងារបានរកឃើញទីតាំងបេតិកភណ្ឌ វប្បធម៌ ដែលមាន ក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» មានចំនួនរហូតដល់ទៅ១០៦៩ កន្លែង៕