(តៃប៉ិ)៖ មេដឹកនាំរងកោះតៃវ៉ាន់ លោក William Lai បាននិយាយថាកោះតៃវ៉ាន់នឹងមិនភ័យខ្លាច ហើយក៏នឹងមិនចុះញ៉មនោះដែរនៅចំពោះមុខការគំរាមកំហែង តែបញ្ជាក់ថាតៃវ៉ាន់នៅតែមានឆន្ទៈជជែកជាមួយចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣។
លោក William Lai ដែលជាបេក្ខជនឈានមុខគេម្នាក់ផងនោះសម្រាប់តំណែងជាមេដឹកនាំថ្មីរបស់តៃវ៉ាន់ នៅក្នុងការបោះឆ្នោតសកលនៅខែមករា ឆ្នាំ២០២៤ ធ្វើការកត់សម្គាល់បែបនេះ នាឱកាសបំពេញទស្សនកិច្ចឈប់សំចតលើទឹកដីសហរដ្ឋអាមេរិក ដែលទទួលរងការថ្កោលទោសពីចិន។ ថ្លែងប្រាប់ក្រុមអ្នកគាំទ្រ ក្នុង ទីក្រុងញូវយ៉ក កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ លោក William Lai បានគូសបញ្ជាក់ដូច្នេះថា «ប្រសិនបើតៃវ៉ាន់មានសុវត្ថិភាព ពិភពលោក ក៏មានសុវត្ថិភាពដែរ ហើយប្រសិនបើតំបន់ច្រកសមុទ្រតៃវ៉ាន់មានសន្តិភាព នោះពិភពលោកក៏មានសន្តិភាព»។ លោកបន្ថែមថា «មិនថាមានការគំរាមកំហែង ប៉ុនណា ចំពោះតៃវ៉ាន់នោះទេ ក៏យើងដាច់ខាតនឹងត្រូវមិនបានបំភ័យ ឬចុះញ៉មនោះដែរ យើងនឹងការពារគុណតម្លៃប្រជាធិបតេយ្យ និងសេរីភាព»។