(កៀវ)៖ មន្ត្រីក្នុងតំបន់ បានប្រកាសយកថ្ងៃចន្ទនេះជាថ្ងៃកាន់ទុក្ខ ខណៈលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី សន្យារកយុត្តិធម៌សម្រាប់ជនរងគ្រោះ បន្ទាប់ពី ការបាញ់ផ្លោងរបស់រុស្ស៉ីលើតំបន់ខឺសុន (Kherson) កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ បានសម្លាប់មនុស្សចំនួន ៧នាក់ ក្នុងនោះមានទារកទើបនឹងកើតម្នាក់ ផងដែរ ខណៈ២២នាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣។
ក្នុងសុន្ទរកថាតាមវីដេអូ លោក ហ្សេលេនស្គី បានបញ្ជាក់ថានៅម៉ោង៦ល្ងាចថ្ងៃអាទិត្យ (ម៉ោងក្នុងតំបន់) មានរបាយការណ៍អំពីការបាញ់ផ្លោងចំនួន ១៧លើក នៅក្នុងតំបន់ Kherson រួមទាំងការបាញ់ផ្លោងក្នុងតំបន់ Mykolaiv, Zaporizhzhia, Donbas, Kharkiv និងតំបន់ព្រំដែននៃភាគឦសានរបស់អ៊ុយក្រែន។
គួរបញ្ជាក់ថា អ៊ុយក្រែន បានអះអាងពីការដណ្តើមបានមកវិញនូវផ្នែកខ្លះនៃតំបន់ Kherson ពីដៃរបស់រុស្ស៉ី ប៉ុន្តែកងកម្លាំងរុស្ស៉ី នៅតែបន្តបាញ់ផ្លោងមកលើ ទីក្រុង ក្នុងតំបន់ និងតំបន់ជុំវិញនោះ ចេញពីត្រើយម្ខាងនៃទន្លេឌីនីប្រូ (Dnipro)៕