(ភ្នំពេញ)៖ យោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែល ទទួលបាន អោយ ដឹងថា ក្នុងរយៈពេល៧ខែឆ្នាំនេះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងទីផ្សារអន្តរជាតិ សម្រេចបានជាង ២៧ពាន់លានដុល្លារ ធ្លាក់ចុះជាង១៥%។
យោងតាមរបាយការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ចាប់ខែមករា ដល់ខែ កក្កដាឆ្នាំ២០២៣ កម្ពុជានាំចេញទំនិញក្នុងតម្លៃជាង១៣ពាន់លានដុល្លារ ថយចុះ១.៨% និងនាំចូល មកវិញក្នុងតម្លៃប្រហាក់ប្រហែលគ្នា ពោលមានជាង ១៤ពាន់លានដុល្លារ ថយចុះ ២៥.៦% បើ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។
ប្រទេសដែលសម្រេច បានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនជាងគេ គឺប្រទេសចិន ដែលមានជាង ៧ពាន់លានដុល្លារ កើនឡើង១.៨% ដោយកម្ពុជានាំចេញទៅប្រទេសនេះ មានតម្លៃជាង ៨១៤ លានដុល្លារ កើនឡើង១៦.២% និងនាំចូលមកវិញក្នុងតម្លៃជាង ៧ពាន់លានដុល្លារកើនឡើង ០.១%។ ចំណែកសហរដ្ឋអាមេរិក ដែលស្ថិតក្នុងលេខរៀងទី២ សម្រេចបាននូវទំហំពាណិជ្ជកម្មជាង ៥.៣ពាន់លានដុល្លារ ថយចុះ៩.៧% ដោយកម្ពុជានាំចេញទៅប្រទេសនេះ មានតម្លៃជាង ៥.១ ពាន់លានដុល្លារ ថយចុះ៩.១% និងនាំចូលមកវិញក្នុងតម្លៃជាង ១៤១លានដុល្លារ ថយចុះ២៨%។
ដោយឡែកការធ្វើពាណិជ្ជកម្មជាមួយវៀតណាម សម្រេចបានជាង ៣.៧ពាន់លានដុល្លារ ថយ១%។ ក្នុងនោះកម្ពុជា នាំចេញទៅវៀតណាមក្នុងតម្លៃ ១.៥ពានលានដុល្លារ កើនឡើង ២០.៦% និងនាំ ចូលមកវិញក្នុងតម្លៃជាង ២.១ពាន់លានដុល្លារ ថយចុះ១២.៨%។
ក្នុងរយៈពេល៧ខែនេះ កម្ពុជាបាននាំចេញ សម្លៀកបំពាក់ក្នុងតម្លៃ ៤.៤ពាន់លានដុល្លារ, ម៉ាស៊ីន និងឧបករណ៍អគ្គិសនីជាង ១.៨ពាន់លានដុល្លារ,គ្រឿងសង្ហារឹម ៥២៣លានដុល្លារ ,ធញ្ញជាតិជាង ៩១០លានដុល្លារ និងស្បែកជើងជា ៨០៨លានដុល្លារ៕