ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានលើកឡើងថា៖ «ខ្ញុំចង់ឱ្យអ្នកទាំងអស់គ្នា ចូលរួមជាមួយខ្ញុំនៅថ្ងៃនោះជាមួយខ្ញុំ បើសិនចូលរួម ជាមួយខ្ញុំយើងនឹងដឹងថាតើយើងជាខ្មែរម្នាក់មានមោទនភាពយ៉ាងម៉េចខ្លះនៅពេលដែលគេហៅឈ្មោះថា Cambodia និងជាម្ចាស់ផ្ទះរៀបចំសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ នៅក្នុងឆ្នាំ ២០២៦»។ ការលើកឡើងបែបនេះរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានធ្វើ ឡើងនាព្រលប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ក្នុងឱកាសផ្តល់សម្ភាសជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សមាគមកាយឫទ្ធិនារីកម្ពុជា ធ្វើមាតុភូមិនិវត្តន៍មកកាន់ ប្រទេសកម្ពុជាវិញ ក្រោយទទួលជោគជ័យយ៉ាងត្រចេះត្រចង់ នូវការទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ (WAGGGS 39th) នៅឆ្នាំ២០២៦។
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តថា ភាពប្រឹងប្រែង និងច្បាស់លាស់របស់ សមាគមកាយឫទ្ធិនារីកម្ពុជា ក៏ត្រូវបានសមាគមនារីកាយឫទ្ធិពិភពលោក បានទទួលស្គាល់ពីការ កិច្ចខិតខំប្រឹងប្រែង។ ជាពិសេសសមាគមកាយឫទ្ធិនារីកម្ពុជា ក៏ទទួលបានការកោតសសើរជាច្រើន ពីសំណាក់សមាជិកនៃសមាគមមកាយឫទ្ធិនារី ដែលមកពីបណ្តាលប្រទេសផ្សេងៗថា សមាគមន៍ កាយឫទ្ធិនារីកម្ពុជា រៀបចំបានយ៉ាងល្អនូវសកម្មភាពនានារបស់ប្រទេសកម្ពុជា តាមរយៈវីដេអូជា ដើម។ ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបញ្ជាក់ថា អ្វីដែលជា មោទនភាពយ៉ាងខ្លាំងសម្រាប់កម្ពុជាដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ គឺប្រទេសជាសមាជិកបានដឹងថាកម្ពុជា ជាប្រទេសដែលមានសុវត្ថិភាព សន្តិភាព ដែលជាទំនុកចិត្តធ្វើឱ្យប្រទេសជាសមាជិកទាំងបានបោះឆ្នោតគាំទ្រកម្ពុជា។
«បើសិនជាគ្មានសន្តិសុខ សុវត្ថិភាពទេ ទាំងខ្ញុំទាំងគេ ក៏មិនបោះឆ្នោតជូននោះដែរ ដែលនេះជាមោ ទនភាពមួយ»។ នេះជាគូសបញ្ជាក់បន្ថែមរបស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
គួរឱ្យដឹងថា កម្ពុជាទទួលជ័យជម្នះជាប់ឆ្នោត ជាម្ចាស់ផ្ទះរៀបចំសន្និបាតសមាគមកាយប្ញទ្ធិនារី ពិភពលោក លើកទី៣៩ នៅឆ្នាំ២០២៦ ដោយមានការចូលរួមបោះឆ្នោតក្នុងចំណោម ១០៤ប្រទេស នៃចំនួនសមាជិកសរុប ១៦៩ប្រទេស៕