ដោយមើលឃើញថា ស្ថានភាពជំងឺកូវីដ ១៩ នៅតែបន្តជះឥទ្ធិពលដល់វិស័យសណ្ឋាគារ កាន់តែខ្លាំងឡើងនោះ រាជរដ្ឋាភិបាលសម្រេចលើកលែងពន្ធដល់វិស័យសណ្ឋាគារ និងផ្ទះសំណាក់ចំនួន៧រាជធានី ខេត្ត ក្នុងប្រទេសកម្ពុជា ដែលខេត្តទាំងនោះ បានរងផលប៉ះពាល់ខ្លាំងពីជំងឺនេះ ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រាជរដ្ឋាភិបាលកម្បុជា បានអោយដឹងថា ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសមួយចំនួន នៅក្នុងតំបន់អាស៊ី និងលើសកលលោក បានធ្វើអោយឲ្យរដ្ឋាភិបាលនៃបណ្ដាប្រទេសរងគ្រោះ រួមទាំងកម្ពុជាផង ។ ចាប់ផ្ដើមអនុវត្តនូវវិធានការចាំបាច់នានា រៀងៗខ្លួនរួមមាន ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ការបិទផ្សារលក់ទំនិញ ហាមឃាតិមិនឲ្យពលរដ្ឋធ្វើដំណើរជាដើម ដែលទាំងនេះគឺជាមូលហេតុធ្វើឲ្យសេចក្តីត្រូវការលើទំនិញប្រើប្រាស់ប្រចាំថ្ងៃ ដូចជាសម្លៀកបំពាក់ស្បែកជើងមានការធ្លាក់យ៉ាងខ្លាំង ។ ទន្ទឹមនឹងនោះ វិស័យទេសចរណ៍ ដែលរួមមានសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុនអាកាសចរណ៍ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ក៏បន្តទទួលរងផលប៉ះពាល់កាន់តែខ្លាំងថែមទៀតផងដែរ ។
ដោយមើលឃើញ នូវបញ្ហានេះ កាន់តែខ្លាំងឡើងនោះ រដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទចំពោះអាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរ ណ៍ដែលចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និងមានសកម្មភាពអាំជីវកម្ម នៅក្នុងរាជធានីភ្នំពេញខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ក្រុងបាវិតនៃខេត្តស្វាយរៀង និងក្រុងប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ ក្នុងរយៈពេល៣ខែ ដោយគិតចាប់ពីខែ មីនា ដល់ខែឧសភា ឆ្នាំ ២០២០ ។
ក្នុងសេចក្តីប្រកាសនោះ ក៏បានបញ្ជាក់ អាជីវកម្មទេសចរណ៍ដែលរដ្ឋាភិបាលប្រកាសលើកលែង នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និងប្រើប្រាស់ប្រព័ន្ធអនឡាញ សម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម ( E-VAT) ជារៀងរាល់ខែក្នុងអំឡុងពេលនៃការលើកលែងនេះ ។ រដ្ឋាភិបាលក៏បានកំណត់ឲ្យអ្នកជាប់ពន្ធដាក់លិខិត ប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០១៩ យ៉ាងយឺតបំផុតឲ្យបានមុនដំណាច់ខែមីនា ២០២០ ប៉ុន្តែត្រូវបានអនុញ្ញាតឲ្យបង់រំលស់ជារៀងរាល់ខែរហូតដល់ខែវិច្ឆិកាឆ្នាំ ២០២០ ។
បុគ្គលិក និយោជិត សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដែលព្យួរឬផ្អាកអាជីវកម្មដោយរងផលប៉ះពាល់ពីកូវីដ១៩ នេះក៏ត្រូវបានរដ្ឋាភិបាលឧបត្ថម្ភ ២០ភាគរយនៃប្រាក់ខែអប្បបរមា ( ២០ភាគរយនៃ១៩០ដុល្លារ ) ហើយកម្មករ និយោជិត ត្រូវភ្ជាប់មកជាមួយនូវលក្ខខណ្ឌនៃការចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីៗរវាងពី១ទៅ២សប្ដាហ៍ ដែលរៀបចំឡើងដោយក្រសួងទេសចរណ៍។
សូមបញ្ជាក់ថា អាជីវកម្មដែលរងផលប៉ះពាល់ក្រៅពីវិស័យទេសចរណ៍ ដូចជាបៀរហ្កាឌិន ក្លឹបកម្សាន្ត រោងភាពយន្ត និងខារ៉ាអូខេ ត្រូវបានប៉ាន់ប្រមាណថា ធ្វើអោយបាត់បង់ឱកាសការងារ ប្រមាណជិត២ម៉ឺននាក់រួចទៅហើយ ហើយសម្រាប់វិស័យសណ្ឋាគារផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ត្រូវបានថាធ្វើអោយបាត់បង់រាប់ម៉ឺននាក់ផងដែរ ៕