(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យកសិកម្ម ជាវិស័យអាទិភាពមួយ ដែលជួយជំរុញ កំណើនសេដ្ឋកិច្ចជាតិ ហើយក៏ជាវិស័យដែលមានកត្តានុពល សម្រាប់ទាក់ទាញការវិនិយោគផង ដែរ។ គម្រោងវិនិយោគក្នុងវិស័យកសិកម្ម បានកើនឡើងជាបន្តបន្ទាប់ជារៀងរាល់ឆ្នាំ ដោយបាន ចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាផង និងពង្រីកការនាំចេញទៅកាន់ទៅផ្សារ បរទេសផងដែរ។
ជាក់ស្តែង THACO AGRI ជាក្រុមហ៊ុនកសិកម្មខ្នាតធំមួយ កំពុងបណ្ដាក់ទុនវិនិយោគនៅបណ្ដា ខេត្តមួយចំនួន ក្នុងប្រទេសកម្ពុជា ហើយតាមរយៈការវិនិយោគរបស់ក្រុមហ៊ុននេះ បានចូលរួម ចំណែកដល់ការអភិវឌ្ឍវិស័យកសិកម្ម និងពង្រីកទីផ្សារផលិតផលកម្ពុជា នៅក្រៅប្រទេសផងដែរ។
វិនិយោគលើផលិតកម្មកសិកម្មទ្រង់ទ្រាយធំ ដោយឈរលើមូលដ្ឋានសរីរាង្គ ការគ្រប់គ្រងតាមបែប ឧស្សាហកម្ម ការប្រើប្រាស់យន្តការ ជីវបច្ចេកវិទ្យា និងឌីជីថលតាមដំណាក់កាលនីមួយៗសមស្រប THACO AGRI កំពុងបង្កើតតំបន់ផលិតកម្មចំនួន ២នៅក្នុងខេត្តក្រចេះ និង ខេត្តរតនគិរី។
លោក Le Thanh Hoang អគ្គនាយកក្រុមហ៊ុន THACO AGRI នៅស្រុកកូនមុំ ខេត្តរតនគិរី លើកឡើងថា ក្រុមហ៊ុនកំពុងផ្តោតលើការដាំចេក និងការចិញ្ចឹមគោ ដើម្បីនាំចេញទៅកាន់ប្រទេស មួយចំនួនដូចជា៖ ចិន កូរ៉េ ជប៉ុនជាដើម។ ក្រុមហ៊ុនមានតំបន់ ដាំដុះផ្លែឈើហូបផ្លែ ក្នុងខេត្តរតនគិរី ជាង ២៥០០០ ហិកតា និងមានគម្រោងពង្រីកការដាំដុះថែមទៀត ដើម្បីបំពេញតម្រូវការអន្តរជាតិ។
មកទល់នឹងពេលនេះ ក្រុមហ៊ុនបានធ្វើវិនិយោគនៅក្នុងប្រទេសកម្ពុជាបានជាង ៣ឆ្នាំហើយនោះ ក្រុមហ៊ុនក៏មានទំនួលខុសត្រូវសង្គម ដោយចូលរួមលើកកម្ពស់សុខុមាលភាពរបស់កម្មករ និយោជិត របស់ខ្លួន ដូចជាការផ្ដល់ការថែទាំសុខភាព ដល់បុគ្គលិកកម្មកររបស់ខ្លួន មានពេទ្យប្រចាំការនៅ ក្នុងក្រុមហ៊ុន បុគ្គលិកមានបញ្ហាសុខភាពធ្ងន់ធ្ងរ មានរថយន្តសង្គ្រោះបន្ទាន់ ដែលបញ្ជូនកម្មករ ទៅកាន់មន្ទីរពេទ្យធំៗបានទាន់ពេលវេលា។ ឥឡូវនេះសាខារបស់ក្រុមហ៊ុនមានតម្រូវការកម្មករជាច្រើន។ នាបច្ចបុប្បន្ន ក្រុមហ៊ុនកំពុងជ្រើសរើស កម្មករជិត ៩ពាន់នាក់ ទៅបម្រើការងារនៅកសិដ្ឋានចេក រោងចក្រវេចខ្ចប់ចេក និងកសិដ្ឋានចិញ្ចឹម គោ។
ដោយមានគោលដៅចូលរួមចំណែក ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មកសិកម្មរបស់កម្ពុជា ក្រុមហ៊ុន THACO AGRI បាននឹងកំពុងវិនិយោគយ៉ាងច្រើនលើហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ រោងចក្រវេចខ្ចប់ចេក។ល។
បណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា វិស័យកសិកម្មកម្ពុជា បើយើងគិតពីប្រសិទ្ធ និងគុណភាពដី ឃើញថាកម្ពុជាមានសក្ដានុពលខ្លាំង ប៉ុន្តែអ្វីដែលប្រឈមក្នុងវិស័យកសិកម្មបច្ចុប្បន្ន គឺកត្តាបច្ចកទេស និងការទ្រទ្រង់ក្នុងវិស័យនេះ ដូចជាជី ថ្នាំសម្លាប់សត្វល្អិតជាដើម។
លោកបណ្ឌិតបន្តថា ចំពោះការកែច្នៃទីផ្សារកសិកម្មកម្ពុជា ក៏មានបញ្ហាប្រឈមមួយចំនួនដែរ ហើយសម្រាប់ការចូលមកវិនិយោគរបស់ក្រុមហ៊ុនធំៗពីបរទេស នឹងជួយបង្កើតការងារមួយចំនួន ដល់ពលរដ្ឋកម្ពុជា និងអាចស្រូបយកបច្ចេកវិទ្យា និងបច្ចេកទេសកសិកម្មពីបរទេស និងទទួលបាន អត្ថប្រយោជន៍ពីការជួលដីផងដែរ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន THACO AGRI មិនត្រឹមតែចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ប៉ុណ្ណោះទេ ថែមទាំងបានរួមដំណើរជាមួយរដ្ឋអំណាចតំបន់ ដើម្បីជំរុញសកម្មភាពសង្គម លើក កំពស់ជីវភាពរស់នៅ និងសេវាកម្មជូនកម្មកររបស់ក្រុមហ៊ុនដូចជា៖ ផ្គត់ផ្គង់ទឹកភ្លើង អភិវឌ្ឍន៍ផ្លូវថ្នល់ សាលារៀន ផ្សារទំនើប បន្ទប់ពិនិត្យជម្ងឺបឋម ទឹកស្អាត ដោយឥតគិតថ្លៃ…។
យោងតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍ ក្រុមហ៊ុន THACO AGRI នឹងបន្តវិនិយោគច្រើនថែមទៀត លើ វិស័យកសិកម្មនៅតំបន់ភូមិភាគឦសាននេះ។ បច្ចុប្បន្នក្រុមហ៊ុនកំពុងអភិវឌ្ឍផលិតកម្មចេកចិញ្ចឹម គោ ដើម្បីនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដោយហេតុនេះផ្តល់ឱកាសការងារ ដល់ប្រជាពលរដ្ឋ កម្ពុជា ជាមួយនឹងប្រាក់ខែសមរម្យ និងអត្ថប្រយោជន៍សង្គមជាច្រើន៕