(ប៉ារីស)៖ កុបករមួយក្រុមបានវាយឆ្មក់សម្រុកចូលគេហដ្ឋានរបស់ចៅហ្វាយក្រុងម្នាក់ នៃជាយទីក្រុងប៉ារីស ដោយបានដុតបំផ្លាញរថយន្ដ និងបាញ់កាំជ្រួចដាក់ភរិយា និងកូនៗរបស់ចៅហ្វាយក្រុងរូបនេះ ខណៈពួកគេព្យាយាមគេចខ្លួន ក្នុងពេលកុបកម្មដ៏ហិង្សាឈានចូលដល់យប់ទី៥ ចាប់តាំងពីមានករណីប៉ូលិសបាញ់សម្លាប់យុវជនម្នាក់កាលពីថ្ងៃអង្គារសប្ដាហ៍មុនមក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។
លោក វ៉ុំាងសង់ ហ្សង់ប្រាំង (Vincent Jeanbrun ) មានអាយុ៣៩ឆ្នាំ គឺជាចៅហ្វាយក្រុង ឡៃ ឡេ រ៉ូស (L’Hay-les-Roses) ស្ថិតនៅភាគខាងត្បូងនៃជាយទីក្រុងប៉ារីស។ លោកត្រូវបានគេរាយការណ៍ថាកំពុងស្ថិតនៅក្នុងសាលាក្រុង នៅពេលដែលផ្ទះរបស់លោក រងការវាយប្រហារ ដោយភរិយា និងកូនៗកំពុងដេកលក់។ ភរិយា និងកូន ២នាក់របស់ចៅហ្វាយក្រុងរូបនេះមា្នក់មានអាយុ ៥ឆ្នាំ និងម្នាក់មាន អាយុ ៧ឆ្នាំ ត្រូវបានជម្លៀសចេញទៅកាន់កន្លែងមានសុវត្ថិភាព។ ប៉ុន្តែបើតាមលោក ហ្សង់ប្រាំង ភរិយារបស់លោកបានរងរបួសដោយសារ កាំជ្រួច ហើយត្រូវវះកាត់ជើង និងរងរបួសលើផ្ទៃមុខ ដោយត្រូវសម្រាកព្យាបាលរបួសយ៉ាងតិច ៣ខែ។ «ខណៈព្យាយាមការពារកូនៗ និង គេចចេញពីជនល្មើស ប្រពន្ធរបស់ខ្ញុំ និងកូនរបស់ខ្ញុំម្នាក់បានរងរបួស»។ នេះបើតាមការបញ្ជាក់របស់លោក ហ្សង់ប្រាំង៕