(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោកស្រី Janet Yellen នឹងបំពេញទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ចាប់ពីថ្ងៃទី៦ រហូតដល់ ថ្ងៃទី៩ ខែកក្កដានេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំជាមួយក្រុមមន្ត្រីជាន់ខ្ពស់ចិន លើកិច្ចពិភាក្សាពីបញ្ហាជាច្រើន ក្នុងនោះរួមមានកង្វល់របស់ សហរដ្ឋអាមេរិក ចំពោះច្បាប់ប្រឆាំងនឹងការធ្វើចារកម្មថ្មីមួយរបស់ចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣។
មន្ត្រីជាន់ខ្ពស់ម្នាក់មកពីក្រសួងហិរញ្ញវត្ថុអាមេរិក បានប្រាប់អ្នកសារព័ត៌មានថា ដំណើរទស្សនកិច្ចដែលត្រូវបានគ្រោងទុកជាយូរមកហើយរបស់ លោកស្រី Yellen គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងការបង្កើនការទំនាក់ទំនងរវាង មហាអំណាចសេដ្ឋកិច្ចទាំង២ ក៏ដូចជារក្សាស្ថិរភាព និងកាត់បន្ថយហានិភ័យនៃការយល់ច្រឡំ ក្នុងពេលដែលការខ្វែងគំនិតគ្នា កំពុងកើនឡើង៕