លោក ចូ បៃដិន៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត មិនមានជាប់ពាក់ព័ន្ធនឹងការបះបោរនៅរុស្ស៉ី ឡើយ

 (វ៉ាស៊ីនតោន)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ អោយដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃចន្ទសប្ដាហ៍នេះ បាននិយាយថាការបះបោររបស់ក្រុមទាហានស៊ីឈ្នួល Wagner ប្រឆាំង នឹងវិមានក្រឹមឡាំង គឺជា ជម្លោះផ្ទៃក្នុងរបស់រុស្ស៉ី ហើយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមិនមានជាប់ពាក់ព័ន្ធ ឬចូលរួមក្នុង អំពើបះបោរនេះនោះទេ។

លោក បៃដិន ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងការអត្ថាធិប្បាយមួយពាក់ព័ន្ធនឹងការបះបោរ របស់ក្រុមទាហានស៊ីឈ្នួល Wagner កាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅ។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «យើងបានបញ្ជាក់យ៉ាងច្បាស់ថាយើងមិនមានជាប់ពាក់ព័ន្ធនោះទេ ហើយក៏មិនបានធ្វើ អ្វីទាំងអស់ពាក់ព័ន្ធនឹងរឿងនេះ (ការបះបោរ)»។ លោកបន្ថែមទៀតថាលោកផ្ទាល់បានបញ្ជាឱ្យក្រុមមន្ត្រីទីប្រឹក្សាសន្តិសុខជាតិរបស់លោកធ្វើបច្ចុប្បន្នភាព ពីស្ថានការណ៍ជាប្រចាំ និងបានត្រៀមលក្ខណៈជាស្រេចចំពោះសេណារីយ៉ូអាក្រក់ តែមិនបាន លម្អិតអ្វីបន្ថែមលើសពីនេះទេ។

គួរបញ្ជាក់ថា ការលើកឡើងរបស់លោក ចូ បៃដិន កើតមានឡើងបន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី បានរាយការណ៍ថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់រុស្ស៉ី កំពុងបើកការស៊ើបអង្កេតថាតើទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់លោកខាងលិច មានជាប់ពាក់ព័ន្ធនឹងការបះបោរមិនបានសម្រេចរបស់ទាហាន ស៊ីឈ្នួល Wagner ដែរឬក៏យ៉ាងណា៕