កោះកុង÷ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវមិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង អញ្ជើញទទួលស្វាគមន៍ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ក្នុងពិធី សម្ពោធកំពង់ផែទេសចរណ៍ និងទំនិញរាយដងទង់ ស្ថិតនៅក្នុងភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ដែលមានការអញ្ជើញចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធជុំវិញខេត្ត លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ និងលោកគ្រូ អ្នកគ្រូ សិក្សានុសិស្ស និងប្រជាពលរដ្ឋ ចូលរួមយ៉ាងកុះករ នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣ ។
ថ្លែងក្នុងឱកាសនេះ លោកជំទាវអភិបាល ខេត្ត បានមានប្រសាសន៍ថា ក្រោមការផ្ដួចផ្ដើមរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំជួសជុល កែលម្អកំពង់ផែដងទង់នេះឡើងវិញឲ្យមានភាពស្រស់ស្អាតទាក់ទាញ និងបានរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធមួយចំនួន រួមមាន÷អា គារសម្រាប់អ្នកធ្វើដំណើរចេញ-ចូល មានបន្ទប់សម្រាប់បុគ្គលិក មានបន្ទប់ទឹកសា ធារណៈនិងផ្លូវបេតុងក្នុងបរិវេណកំពង់ផែ ដែលបានប្រែក្លាយកំពង់ផែចាស់ ទៅជាកំពង់ផែទេសចរថ្មី និងទំនិញរាយដ៏ស្រស់ស្អាត។ តាមរយៈសមិទ្ធផលថ្មីនេះ វិស័យទេសចរណ៍និងស្ថានភាពសេដ្ឋកិច្ចនៅខេត្តកោះកុង និងមានការកើនឡើងបន្ថែមមួយកម្រិតទៀត ពិសេសការប្រកបមុខ របររបស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្ត កោះកុង ក៏កាន់តែមានភាពល្អប្រសើរ និងមានជីវភាពធូរធារជាងមុន ព្រោះថាផ្លូវស្ពាន និងកំពង់ផែ គឺជាសរសៃឈាមសេដ្ឋ កិច្ចដ៏សំខាន់ចាំបាច់បំផុត មិនអាចខ្វះបានក្នុងការអភិវឌ្ឍរបស់ប្រជាពលរដ្ឋ។
ក្លែងក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន បានថ្លែងថា កំពង់ផែដងទង់បានសាងសង់ឡើងនៅតាមបណ្ដោយព្រែកកោះប៉ោ មានសារៈ សំខាន់ក្នុងការបម្រើវិស័យទេសចរណ៍ និងការដឹកជញ្ជូនទំនិញ ដូចជាកសិផល និងគ្រឿងបរិភោគ តាមផ្លូវទឹកទៅកាន់ប្រទេសថៃ និងវៀតណាម ដោយឡែកកសិផលមួយចំនួននៅតាមប៉ែកពាយ័ពប្រទេស ដូចជា÷ ពោធិ៍សាត់,បាត់ដំបង, ប៉ៃលិន, មន្ទាយមានជ័យ, និងខេត្តឧត្តរមានជ័យ នឹងត្រូវដឹកជញ្ជូនតាមផ្លូវជាតិថ្មី លេខ ១០ ស្ពោះមកកាន់កំពង់ផែនេះ ដែលមានចម្ងាយប្រមាណ ១៩៨ គីឡូម៉ែត្រប៉ុណ្ណោះ ដែលធ្វើឲ្យចរន្តសេដ្ឋ កិច្ចជាតិមានកំណើនជាបន្តបន្ទាប់។
កំពង់ផែទេសចរណ៍ដងទង់ថ្មីនេះ មានបណ្ដោយ ១១៥ ម៉ែត្រ និងទទឹង ១៦ ម៉ែត្រកន្លះ ដែលចំណាយថវិកាជាតិប្រមាណជាង ៣ លានដុល្លារអាមេរិក មានហេដ្ឋារចនាសម្ព័ន្ធ ដូចជា÷អាគាររងចាំ អាគាររដ្ឋបាល ផ្លូវបេតុង ប្រព័ន្ធលូទឹក និងបង្គន់អនាម័យ។
ជាមួយគ្នានេះ ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍បន្ថែមថា ក្រសួងកំពុងពិនិត្យលទ្ធភាពក្នុងការលើកកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ ៤៨ ដែលនៅសល់ប្រវែង ៧គីឡូម៉ែត្រ ចាប់ពីគល់ស្ពានកោះកុង រហូតដល់ច្រកទ្វារព្រំដែនកម្ពុជាថៃ(ចាំយាម) និងគម្រោងស្ថាបនាស្ពានកោះកុង ដែលមានប្រវែងប្រមាណ ១៩០០ម៉ែត្រ ក៏ត្រូវបានពិនិត្យលទ្ធភាពផងដែរ៕ ដោយ សេន ពិសិដ្ឋ