កូរ៉េខាងជើង រិះគន់ដំណើរទស្សនកិច្ចរបស់លោក Blinken ទៅកាន់ប្រទេសចិន ថាជា «ទស្សនកិច្ចសុំទាន»

(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃពុធនេះបានរិះគន់ដំណើរទស្សនកិច្ចថ្មីៗនេះរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដោយចាត់ទុកថាជា «ដំណើរទស្សនកិច្ចសុំទាន» ដើម្បីបន្ធូរបន្ថយភាពតានតឹង ដែលទីក្រុងព្យុងយ៉ាងហៅថាជាគោលនយោបាយបរាជ័យមួយក្នុងការដាក់សម្ពាធលើចិន។ នេះបើតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣។

ប្រតិកម្មរបស់កូរ៉េខាងជើង កើតមានឡើង បន្ទាប់ពីលោក Blinken កាលពីថ្ងៃចន្ទដើមកន្លងទៅនេះ បានឱ្យនៅក្រោយកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំចិនថាលោក បានអំពាវនាវឱ្យចិនជំរុញកូរ៉េខាងជើងបញ្ឈប់ការបាញ់សាកល្បងមីស៊ីល ពីព្រោះចិនតែមួយគត់មានអំណាចដាក់សម្ពាធឱ្យទីក្រុងព្យុងយ៉ាង ត្រឡប់មករកកិច្ចសន្ទនា ឡើងវិញ។

ជាការឆ្លើយតបទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក នៅក្នុងបទអត្ថាធិប្បាយមួយចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA លោក ជុង យ៉ុង ហាក់ (Jong Yong Hak) ដែលជាអ្នកជំនាញខាងកិច្ចការអន្តរជាតិរបស់កូរ៉េខាងជើង បានកត់សម្គាល់ថាដំណើរទស្សនកិច្ចដ៏កម្ររបស់លោក Blinken គឺប្រៀបដូចជាដំណើរទស្សនកិច្ចសុំទាន ដើម្បីបន្ធូរបន្ថយភាពតានតឹង ខណៈការប៉ុនប៉ងដាក់សម្ពាធ និងគាបសង្កត់បាននឹងកំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ច អាមេរិក។ អ្នកជំនាញរូបនេះក៏បានចោទប្រកាន់ដែរថាសហរដ្ឋអាមេរិកគឺជាអ្នកទទួលខុសត្រូវលើភាពតានតឹងនៅក្នុងតំបន់នាពេលបច្ចុប្បន្ន ដោយសារតែការបង្កើត បក្ខពួកប្រឆាំងនឹងចិន ដូចជាក្វាដ ដែលមានសមាជិកដូចជាជប៉ុន ឥណ្ឌា អូស្ត្រាលី និងសហរដ្ឋអាមេរិក រួមទាំង AUKUS មានអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី៕